បាល់ទះ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចាប់ផ្ដើមធ្វើតេស្ដកីឡាការិនីហើយ ដើម្បីចម្រាញ់កីឡាការិនីល្អៗបង្កើតជាក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជាឡើងវិញ បន្ទាប់ពីបាត់បង់អស់រាប់សិបឆ្នាំ។ ការធ្វើតេស្ដដំណាក់កាលបឋមនេះបានធ្វើឡើងនៅក្លិបបាល់ទាត់វិសាខានាខណ្ឌទួលគោលកាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានកីឡាការិនី ៤៧នាក់មកពី ១១រាជធានី-ខេត្តចូលរួម។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ការធ្វើតេស្ដ និងឈានទៅបង្កើតក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជានេះ ដើម្បីឲ្យស្របតាមបរិបទ និងគោលការណ៍របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ តាមការគ្រោងទុកបន្ទាប់ពីធ្វើតេស្ដ អ្នកជាប់នឹងត្រូវរួមដំណើរជាមួយក្រុមជម្រើសជាតិដើម្បីទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសចិន តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេមផង និងចូលរួមការប្រកួតអន្ដរជាតិផ្សេងៗផង។ ទន្ទឹមជាមួយគ្នាបេក្ខនារី អ៊ុយ សុភាវី បានសម្ដែងសេចក្ដីរីករាយជាខ្លាំងដែលសហព័ន្ធបានរៀបចំធ្វើតេស្ដ ដើម្បីបង្កើតឲ្យក្រុមបាល់ទះនារីជម្រើសជាតិ ដ្បិតកញ្ញាបានទន្ទឹងរង់ចាំដំណឹងនេះជាយូរមកហើយ។ កីឡាការិនីមានប្រភពពីខេត្តស្វាយរៀងរំពឹងថា ប្រសិនបើខ្លួនបានជាប់ក្នុងការធ្វើតេស្ដ ខ្លួននឹងខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងដើម្បីអភិវឌ្ឍន៍សមត្ថភាពជួយក្រុមជម្រើសជាតិកម្ពុជា។
គួរដឹងថា តាមការគ្រោងទុកបន្ទាប់ពីការធ្វើតេស្ដនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងធ្វើការជ្រើសរើសកីឡាការិនីមានសមត្ថភាព និងទេពកោលសល្យល្អប្រមាណ ១៤នាក់ដើម្បីបញ្ជូនទៅហ្វឹកហាត់នៅចិន រួមជាមួយកីឡាការិនីមួយចំនួនទៀតដែលត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ការចេញទៅហ្វឹកហាត់នៅចិនគឺមានរយៈពេលប្រមាណ ៣ខែដែលសម្របសម្រួលដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា