រុស្ស៊ី៖ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញ Telegram កាលពីថ្ងៃអង្គារថា លោកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យសត្រូវរបស់ប្រទេសរុស្ស៊ីរលាយ។ លោក Medvedev បាននិយាយថា ពួកគេគឺជាសត្វតិរច្ឆាន និងកាកសំណល់។ ពួកគេចង់ឲ្យយើងស្លាប់ ពួកគេចង់ឲ្យរុស្ស៊ីខ្ទេច។
លោក Medvedev ដែលជាសម្ព័ន្ធមិត្តរបស់លោក Putin បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។ លោក Dmitry Medvedev បានបញ្ជាក់កាលពីថ្ងៃអង្គារពីបំណងប្រាថ្នាកម្ទេចសត្រូវរបស់ក្រុង Moscow នៅក្នុងការបង្ហោះសារគំរាមនៅលើបណ្ដាញសង្គម Telegram។ លោក Medvedev និយាយថា មានមនុស្សជាច្រើនតែងសួរលោកហេតុអ្វីបានជាបង្ហោះសារនៅលើ Telegram សាហាវខ្លាំងម្ល៉េះ។ ចម្លើយគឺលោកស្អប់ពួកគេ។ ពួកគេគឺជាសត្វតិរច្ឆាន និងកាកសំណល់។ ដរាបណាលោកនៅមានជីវិត លោកនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យពួកគេរលាយ។
គេមិនច្បាស់ថា ការបង្ហោះនេះសំដៅដល់អ្នកណា ឬទៅលើអ្វីនោះទេ ប៉ុន្តែបានកើតមានឡើងនៅពេលលោក Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ចេញសំឡេងដ៏តានតឹងកាន់តែខ្លាំងឡើងទៅកាន់ទីក្រុង Kyiv និងលោកខាងលិច ស្របពេលមានសង្គ្រាមដោយគ្មានហេតុផលរបស់រុស្ស៊ីចូលទៅអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន