បាល់ទាត់៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី០៧ ខែមិថុនាម្សិលមិញបានកោះប្រជុំជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាលម្អិតអំពីការត្រៀមស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក ដែលនឹងត្រូវដង្ហែមកដល់កម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សប្ដាហ៍ក្រោយ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ព្រមទាំងមានការចូលរួមពីមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីធានាបាននូវភាពរួចរាល់ និងការទទួលខុសត្រូវខ្ពស់របស់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរដឹងថា ពានរង្វាន់បាល់ទាត់ពិភពលោកនឹងដង្ហែមកដល់កម្ពុជា នាវេលាម៉ោង ១០ព្រឹកថ្ងៃទី១៥ ខែមិថុនាសប្ដាហ៍ក្រោយ។ បន្ទាប់មកនឹងមានក្បួនដង្ហែពាននេះពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមកកាន់វិមានសន្ដិភាព ដោយពិធីទទួលស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
បន្ទាប់មកទៀតនឹងមានការនាំយកពានរង្វាន់បាល់ទាត់ពិភពលោកនេះ ទៅដាក់តាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កន្លែងដែលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបផ្ទាល់ជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះចាប់ពីម៉ោង ១រសៀលរហូតដល់ម៉ោង ១០យប់ អមជាមួយតន្ដ្រីសម័យកំដរទៀតផង។ តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវនារី និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករដើម្បីអបអរសាទរ និងបង្ហាញនូវមោទនភាពជាតិ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា