កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ចុះប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ រស់នៅ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។
ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាល បង្កលទ្ធភាពអោយសកម្មភាពសេដ្ឋកិច្ច-សង្គម មានសកម្មភាពពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល " ៣ការពារ ៣កុំ " និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់គ្នា ដើម្បីគ្រួសារ និងសហគមន៍មានសុភមង្គល ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតា ចន ព្រំ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀល ។
ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀលផងដែរ៕




