ភ្នំពេញ៖ ប្រជាពលរដ្ឋ មន្រ្តីជួរមុខជាក្រុមគោលដៅ អាចទទួលបានការចាក់វ៉ាក់សាំងដូសទី ៥ ចាប់ពីថ្ងៃទី ៩ខែមិថុនាតទៅ ដោយការចាក់វ៉ាក់សាំងនេះ គឺអនុញ្ញាតសម្រាប់កុមារអាយុ ចាប់ពី ១២ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងលើកទី៤រួចរាល់ ដែលមានគម្លាតចាក់វ៉ាក់សាំងដូសទី៣ រយៈពេលយ៉ាងតិច ៣ខែ។
សម្រាប់ក្រុមមន្រ្តីគោលដៅ ក្រសួងសុខាភិបាល បានបញ្ជាក់ពីទីតាំងចាក់រួចមកហើយ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទូទៅ ដែលដល់វេលាត្រូវចាក់ដូសទី៥ អាចទៅទទួលការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាព។
សម្រាប់មន្ទីរពេទ្យបង្អែកចតុមុខ បានត្រៀមសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៥ ជូនប្រជាពលរដ្ឋ ដោយបានដំឡើងរោងរង់ចាំបន្ថែម និងបន្ថែមបន្ទប់សម្រាប់ការចាក់វ៉ាក់សាំង។ នេះជាការបញ្ជាក់របស់លោកស្រី វេជ្ជបណ្ឌិត ទេព ចិន្តា ជាអនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ។
ចំពោះការចាក់វ៉ាក់សាំងដូសទី ៥នេះ លោកស្រី លឹម លក្ខិណា ដែលបានជូនកូនស្រី មកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកចតុមុខ បង្ហាញនូវការកោតសសើរ និងមោទនភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋគ្រប់រូបតាំងពីដូសមូលដ្ឋាន រហូតដល់ដូសទី ៥។
លោកស្រី បន្តថា លោកស្រីនិងស្វាមី នឹងចូលរួមចាក់វ៉ាក់សាំងដូសទី ៥ នៅថ្ងៃទី ១១ មិថុនាខាងមុខ ដើម្បីការពារខ្លួន និងគ្រួសារ។
យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ការចាក់វ៉ាក់សាំងដូសទី៥ ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះ គឺប្រើប្រាស់វ៉ាក់សាំងជំនួយពីប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសអ៊ីតាលី និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។
ក្នុងរយៈពេលប្រមាណ ១ខែមកនេះ កម្ពុជា ពុំមានការរកឃើញនូវករណីឆ្លងកូវីដ-១៩ថ្មីនោះទេ។ លើសពីនេះ កម្ពុជា ក៏សម្រេចបានការចាក់វ៉ាក់សាំង ចំនួន ៩៤,០៥% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ផងដែរ ៕ អត្ថបទ៖ គឺមហុក