ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទនេះ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នឹងឈានដល់ចាប់ពីថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។
ក្នុងកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម សុខ សុភ័ក្រ្ត ប្រធានអង្គប្រជុំ បានស្វាគមន៍ចំពោះវត្តមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក និងក្រុមការងារនៅក្រសួងពាណិជ្ជកម្ម និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំនេះ។
តាមការរាយការណ៍របស់ឯកឧត្តម ឡុង កែមវិចិត្រ ឯកអគ្គរាជទូត និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ដែលបានចូលរួមប្រជុំចរចាផ្ទាល់នៅទីនោះ បានលើកឡើងពីវឌ្ឍនភាពចុងក្រោយលើប្រធានបទសំខាន់ៗ និងបញ្ហានានាដែលសមាជិកអង្គការកំពុងចរចា និងលទ្ធផលរំពឹងទុក ក្នុងនោះរួមមាន៖ ការឆ្លើយតបរបស់អង្គការពាណិជ្ជកម្មពិភពលោក ចំពោះវិបត្តិជំងឺរាតត្បាត ការលើកលែងពាក់ព័ន្ធនឹងទិដ្ឋភាពនៃកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម ការស្តុកទុកស្បៀងអាហារសាធារណៈ កម្មវិធីស្បៀងអាហារពិភពលោក ការចរចាស្តីពីកសិកម្ម និងឧបត្ថម្ភធនជលផល កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ការចរចាពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក កំពុងបន្តប្រជុំចរចាយ៉ាងមមាញឹកមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ ដើម្បីអាចសម្រេចបាននូវលទ្ធផលជាដុំកំភួន ហើយទោះបីជាការចរចាលើប្រធានបទមួយចំនួនអាចនឹងមិនបញ្ចប់បានក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២ សមាជិកនឹងសម្រេចឱ្យមានសេចក្តីប្រកាសពហុភាគីសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២នេះផងដែរ។
ឯកឧត្តម សុខ សុភ័ក្រ្ត បានថ្លែងអំណរគុណដល់តំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងបានស្នើឱ្យក្រុមការងារស្ថានបេសកកម្ម បន្តរាយការណ៍ជូនបន្ថែមពីវឌ្ឍនភាពក៏ដូចជាលទ្ធផលនៃការប្រជុំចរចាជាបន្តបន្ទាប់ និងពិភាក្សាជាមួយក្នុងក្រុមការងារក្នុងស្រុក លើវឌ្ឍនភាពនៃការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក។
គួររំលឹកថា កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ៕
អត្ថបទ៖ បូរ៉ាវី



