បាល់ទាត់៖ ក្រុមបាល់ទាត់អូស្ត្រាលីនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ ដើម្បីបង្ហាញខ្លួននៅ World Cup ៥ព្រឹត្តិការណ៍ជាប់គ្នាក្រោយយកឈ្នះអារ៉ាប់រួម ២-១ វគ្គ Play-Off តំបន់អាស៊ី។ ការប្រកួតនៅកីឡដ្ឋាន World Cup ទីក្រុងដូហាប្រទេសកាតា ក្រុមអារ៉ប់រួមមានឱកាសមុនច្រើនលើកតែធ្វើមិនបានសំរេច បែជាអូស្ត្រាលីរកបានគ្រាប់បាល់នាំមុខវិញនៅនាទីទី៥៣ ដោយ Jackson Irving។

អារ៉ាប់រួមក៏តាមស្មើវិញភ្លាមៗដែរនៅនាទីទី៥៧ ដោយកីឡាករដើមកំណើតប្រេស៊ីល Caio Canedo។ យ៉ាងណាក្តី នៅសល់តែ ៦នាទីទៀតចប់ការប្រកួត ពោលគឺនាទីទី៨៤ អូស្ត្រាលីក៏រកបានគ្រាប់ជ័យជំនះដោយការស៊ុតវ៉ូឡេរបស់ Ajdin Hrustic បុកនឹង Ali Salmeen ផ្លាតចូលទីខ្លួនឯង។ ជ័យជំនះនេះធ្វើឱ្យអូស្ត្រាលីបន្តដំណើរទៅប្រកួតចុងក្រោយ Play-Off អន្តរទ្វីបជួបជាមួយពែរូនៅថ្ងៃទី១៣ ខែមិថុនា។
រវាងអូស្ត្រាលី រឺពែរូ ក្រុមឈ្នះនឹងឡើងទៅក្នុងពូល D នៅ World Cup ជាមួយបារាំង ដាណឺម៉ាក និងទុយនេស៊ី។ សូមបញ្ជាក់ថា អូស្ត្រាលីតែងតែបង្ហាញខ្លួននៅ World Cup ជាប់ជានិច្ចតាំងពីឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ពោលគឺ World Cup នៅកាតានឹងជាការបង្ហាញខ្លួនលើកទី៦ និង ៥លើកជាប់ៗគ្នា៕
អត្ថបទ៖នាង សុភាវុធ