កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៩ ខែមិថុនាស្អែកនេះ នឹងបើកដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៥ ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជួរមុខទាំងផ្នែករដ្ឋ និងផ្នែកឯកជន នៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងតាមបណ្តាមណ្ឌលសុខភាពឃុំសង្កាត់ជាង ១០០កន្លែង ដើម្បីពង្រឹងភាពស៊ាំ ការពារមេរោគកូវីដ១៩ នៅក្នុងសហគមន៍។
តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ខែមិថុនានេះថា សម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសទី៥ ជូនមន្ត្រី និងបុគ្គលិក ជួរមុខទាំងផ្នែករដ្ឋ និងឯកជនចាប់ពីថ្ងៃស្អែកនេះតទៅ គឺទទួលចាក់ទៅតាមការស្ម័គ្រចិត្ត នៅតាមមន្ទីរពេទ្យបង្អែក និងតាមបណ្តាមណ្ឌលសុខភាពនៅតាមឃុំសង្កាត់នានា ដោយមិនមានការចាក់ដូសទី៥ នៅតាមខ្នងផ្ទះ រោងចក្រ សាលារៀន និងទីផ្សារនោះទេ។
លោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បានថ្លែងថា នៅពេលនេះ មន្ទីរពេទ្យលោក បានទទួលវ៉ាក់សាំងកូវីដ១៩ប្រភេទ Pfizer ដើម្បីត្រៀមចាក់ដូសទី៥ ជូនក្រុមមនុស្សអាទិភាព ហើយសម្រាប់ក្រុមក្មេងៗវ័យ ១២ឆ្នាំឡើងដែលមានប្រព័ន្ធការពារខ្សោយ ជាពិសេស ឧស្សាហ៍ឆ្លងឈឺគ្រុនក្តៅ គ្រុនផ្តាស់សាយញឹកញាប់ ជាដើម នឹងបើកទទួលការចាក់ចាប់ពីថ្ងៃទី២០ ខែមិថុនាតទៅ។
តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបញ្ជាក់ថា នៅពេលបច្ចុប្បន្នទូទាំងខេត្តកណ្តាល បានចាក់ដូសទី២ បានលើស១០០% ហើយសម្រាប់ដូសទី៣ ចាក់បានប្រមាណជាង ៨៩ម៉ឺននាក់ ស្មើនឹងជាង ៨៣% នៃចំនួនគោលដៅត្រូវចាក់សរុប។
ដោយឡែកដូសទី៤ ចាក់ប្រមាណជាង១៨.៥៤% នៃចំនួនគោលដៅសរុប ហើយសម្រាប់ការចាក់ដូសទី២ ដូសទី៣ និងដូសទី៤ បច្ចុប្បន្ន មន្ទីរសុខាភិបាលបាននិងកំពុង ជម្រុញការចុះចាក់នៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពប្រមាណជាង ១០០កន្លែង ហើយក្រៅពីនេះក៏មានក្រុមពេទ្យកំពុងចុះចាក់នៅតាមខ្នងផ្ទះ តាមសាលារៀន តាមទីផ្សារ តាមរោងចក្រ និងតាមទីប្រជុំជននានាទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា