អឺរ៉ុប៖ កាលពីថ្ងៃពុធម្សិលមិញ សហភាពអឺរ៉ុបបានស្នើសុំឲ្យមានការគ្រប់គ្រង តឹងរ៉ឹងជាងមុនលើការនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ធ្វើឲ្យមានជម្លោះចុងក្រោយរវាងប្លុកប្រទេសមួយនេះ និងក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអែត AstraZeneca។
ការគ្រប់គ្រងការនាំចេញថ្មីដាក់ជូនដោយគណៈកម្មការអឺរ៉ុប នឹងពិនិត្យមើលការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចេញពីអឺរ៉ុប ដោយផ្អែកលើគោលដៅអត្រាចាក់វ៉ាក់សាំងរបស់ប្រទេស និងគោលដៅការនាំចេញវ៉ាក់សាំង។ វិធានការនេះដែរគឺជាកិច្ចខិតខំចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការការពារឲ្យបានការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ពលរដ្ឋខ្លួនឯង បន្ទាប់ពីកង្វះខាតការចែកចាយដូសរបស់ក្រុមហ៊ុន AstraZeneca មកកាន់ប្រទេសប្លុកមួយនេះ ថ្វីត្បិតតែមានលក្ខខណ្ឌតាមកិច្ចសន្យាក៏ដោយ ខណៈពេលដែលក្រុមហ៊ុនមួយនេះបន្តឈានដល់គោលដៅ ចង់បានរបស់ចក្រភពអង់គ្លេសនោះ។
អនុប្រធានគណៈកម្មការសហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូវស្គីស បាននិយាយថា គោលដៅនៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីនេះ គឺដើម្បីឲ្យមានតម្លាភាពច្រើនជាងមុនលើការនាំចេញ និងទទួលបានរូបភាពពេញលេញ នូវអ្វីដែលកំពុងកើតឡើងនៅក្រៅសហភាពអឺរ៉ុប ក៏ដូចជាបញ្ចៀសផុតពីការមិនគោរពបទបញ្ជា។ អនុសាសន៍របស់លោក ដូមប្រូវស្គីស បានធ្វើឡើងនៅថ្ងៃតែមួយ ពេលដែលវ៉ាក់សាំង ២៩លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលគ្រោងនឹងនាំចេញត្រូវបានរកឃើញ អំឡុងការវាយឆ្មក់មួយមកលើរោងចក្រនៅក្រៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន AstraZeneca បានច្រានចោលសេចក្តីរាយការណ៍មួយនេះ ដោយលោកបានបញ្ជាក់ថា ដូសវ៉ាក់សាំងទាំងនេះគឺជាផ្នែកមួយនៃការស្តុកទុក ហើយវាត្រូវនាំចូលពីក្រៅអឺរ៉ុបមកកាន់រោងចក្រដើម្បីច្រកចូលដប មុនពេលចែកចាយទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមតាមរយៈគម្រោង COVAX។ អ្នកនាំពាក្យម្នាក់នេះបានបន្តថា វ៉ាក់សាំង ១៣លានដូសកំពុងរង់ចាំការលទ្ធផលគ្រប់គ្រងគុណភាព មុនពេលចែកចាយតាមគម្រោង COVAX ខណៈដែលវ៉ាក់សាំង ១៦លានដូសផ្សេងទៀត រង់ចាំលទ្ធផលពិនិត្យដូចគ្នាមុនពេលចែកចាយទៅកាន់អឺរ៉ុប៕
អត្ថបទ៖ សារ៉ាត់