ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា បញ្ជាក់ថា គណបក្សនយោបាយចំនួន៧ដែលទទួលអាសនៈ ក្នុងដំណើរការបោះឆ្នោត ពោលដូចជា គណបក្សទើបបង្កើតថ្មីហើយទទួលបានលទ្ធផលល្អដែរ នេះបង្ហាញពីជ័យជម្នះ នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី សមាជិកាសមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៣១ប្រទេស រួមនឹងអង្គការអន្តរជាតិ រួមមាន UNDP និង World Bank ហើយក៏មានការចូលរួមពីតំណាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕














