ភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាលពីគ្រោះយោបល់ពាក់ព័ន្ធ នឹងការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ប្តេជ្ញាជួយកម្ពុជារហូតទទួលបានជោគជ័យលើការងារនេះ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅថ្ងៃទី០៨ ខែមិថុនានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា»ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី០៩ខែមិថុនា ស្ថិតនៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជា លោកស្រី Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា លោក-លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន ២៥ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចំនួន ២៥ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសខាងលើនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានថ្លែងថា ផែនការយុទ្ធសាស្រ្តសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ បានផ្តោតការយកចិត្តទុកដាក់ការធ្វើពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកលដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អប្រសើរ។ក្រៅនេះ លោកជំទាវ រំពឹងទុកថា ក្នុងសិក្ខាសាលា២ថ្ងៃនេះ នឹងសម្រេចបាននូវចំណុចសំខាន់ៗចំនួន៣។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានលើកឡើងដែរថា ការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នឹងក្លាយជាជម្រើសជើងឯកជាសកល នាពេលអនាគត ដែលសម្រេចបាននៃមូលដ្ឋានសុខភាពជាសាកល។ ហើយWOH នឹងបន្តគាំទ្រដល់ក្រសួងសុខាភិបាលរហូតទទួលបានជោគជ័យលើការងារនេះ។
ការថែទាំសុខភាពបឋមគឺជាការថែទាំសុខភាពជាសារវន្ត ដោយផ្តោតលើវិធីសាស្រ្ត និងបច្ចេកវិទ្យាជាក់ស្តែង និងមានលក្ខណៈវិទ្យាសាស្រ្ត ត្រឹមត្រូវដែលសង្គមជាតិអាចទទួលយកបាន និងអាចផ្តល់ជូនគ្រប់បុគ្គល និងគ្រប់ក្រុមគ្រួសារនៅសហគមន៍ តាមរយៈការចូលរួមដ៏ពេញលេញរបស់គេព្រមទាំងថ្លៃដែលសគមន៍ និងប្រទេសជាតិអាចរកប្រាក់បង់បាន៕
អត្ថបទ៖ ទូច សោភ័ណ