ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តាមរយៈបទសម្ភាសនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអោយដឹងថា មកទល់ពេលនេះ គណៈកម្មាធិការឃុំ/សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងតវ៉ាប្រមាណ ជាង៥០បណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ប៉ុន្តែបណ្តឹងទាំងនោះ នឹងមិនរំខាន ឬរារាំងដល់ការប្រកាសលទ្ធផលការបោះឆ្នោតនៅថ្ងៃនេះនោះទេ។
ពាក់ព័ន្ធការចោទប្រកាន់ថា ការិយាល័យបោះឆ្នោតបិទទ្វាជិតពេលរាប់សន្លឹកឆ្នោតនោះ អ្នកនាំពាក្យ(គ.ជ.ប) រូបនេះបានពន្យល់ថា ច្បាប់មិនបានចែងថាការរាប់សន្លឹកឆ្នោតបិទទ្វា ឬបើកទ្វានោះទេ ប៉ុន្តែវាជាទំនួលខុសត្រូវខ្ពស់របស់ប្រធានការិយាល័យបោះឆ្នោត ដើម្បីសុវត្ថិភាពនៃការរាប់សន្លឹកឆ្នោត ហើយក៏មិនមែនជាអាថកំបាំងឡើយ ប៉ុន្តែបើរកឃើញថាការបិទទ្វាមានបំណងទុច្ចរិតមន្ត្រីរៀបចំការបោះឆ្នោតទាំងនោះនឹងរងនូវការដាក់ទោសទណ្ឌតាមច្បាប់។
