វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ៣ ពិភពលោក Alexander Zverev បានទទួលការវះកាត់ជោគជ័យនៅថ្ងៃអង្គារម្សិលមិញ លើរបួសកជើងដែលបង្ខំចិត្តដើរចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, French Open ពេលជួបជើងឯក Rafael Nadal។

កីឡាករអាល្លឺម៉ង់រូបនេះបានកំពុងតាមពីក្រោយ Nadal នៅសិតទីពីរ តែក៏ភ្លាត់រអិលដួល និងក្រឡាច់កជើង។ ក្រោយពីការវះកាត់ជោគជ័យនៅអាល្លឺម៉ង់ គ្រូពេទ្យបានបញ្ជាក់ថា Zverev បានដាច់សរសៃកជើងទាំងបី។ Alexander Zverev បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យមួយនៅ French Open ដែលជាបេក្ខភាពឈានមុខគេមួយរូបក្នុងការប្រជែងជើងឯក។ ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ Nadal បាននាំមុខសិតដំបូងយ៉ាងតានតឹង ៧-៦(១០-៨) ខណៈសិតទីពីរកីឡាករទាំងពីរកំពុងស្មើគ្នា ៦-៦ ក៏ Zverev រងរបួស។ Nadal បានឡើងវគ្គផ្តាច់ព្រ័ត្រយកឈ្នះកីឡាករណ័រវេយ Casper Ruud ដើម្បីលើកពាន French Open លើកទី ១៤ ក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ