ស្វាយរៀង៖ រោងចក្រ សហគ្រាសចំនួន ២កន្លែងផ្សេងទៀត ត្រូវបានបង្កើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ដើម្បីបង្កើនការផលិត ខណៈរោងចក្រ សហគ្រាសជាង ២០០កន្លែង នៅក្នុងខេត្តស្វាយរៀង បច្ចុប្បន្នកំពុងធ្វើសកម្មភាពផលិតយ៉ាងសកម្ម ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេសបានទាន់ពេលវេលា។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២២ នេះបានប្រាប់ទូរទស្សន៍ BTV បានឱ្យដឹងថា នៅប៉ុន្មានខែចុងក្រោយនេះ ក្រុមអ្នកវិនិយោគទុនបានចូលមករកស៊ីដោយបានបង្កើតរោងចក្រ សហគ្រាសចំនួន ២កន្លែងបន្ថែមទៀតសម្រាប់បើកឲ្យដំណើរការផលិត នូវផលិតផលសម្រាប់នាំចេញ ខណៈដែលរោងចក្រសហគ្រាសដែលមានស្រាប់នៅក្នុងខេត្ត កំពុងធ្វើសកម្មភាពផលិតយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ទីផ្សារក្នុង និងក្រៅប្រទេសបានទាន់ពេលវេលា។
លោក បានបញ្ជាក់បន្ថែមថា ស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង ហើយបច្ចប្បន្នបានដំណើការផលិតចំនួន៩តំបន់ សម្រាប់ដំណើការផលិតផលិតផលនាំចេញ ។
តាមរបាយការណ៍ដែល BTV ទទួលបាន បញ្ជាក់ឱ្យដឹងថា គិតមកដល់ចុងខែឧសភា ឆ្នាំ២០២២នេះ នៅស្វាយរៀង មានរោងចក្រ សហគ្រាស និងមូលដ្ឋានផលិត ចំនួន ២៥០មូលដ្នាន ក្នុងនោះកម្មករ កម្មការិនី និងជនបរទេស កំពុងបំរើការងារគ្រប់ផ្នែកសរុប ជាង១សែននាក់ ដើម្បីស្រូបយកកម្រៃពលកម្ម បំរើជីវភាព និងចូលរួមធ្វើការ អភិវឌ្ឍន៍សង្គមគ្រួសារ ៕