បាល់ទាត់៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានហ្វឹកហាត់ នៅទីក្រុងម៉ាឌ្រីតថ្ងៃពុធដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ កាតា ជាមួយនឹងក្រុមជម្រើសជាតិក្រិចនៅទីក្រុង Granada រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែមីនា នេះក្នុងពូល B។

កីឡាករវ័យក្មេងក្លិប Barcelona, Pedri ក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិជាលើកដំបូងដែរ ហើយកីឡាករវ័យ ១៨ឆ្នាំរូបនេះសង្ឃឹមថា គ្រូបង្វឹកលោក Luis Enrique នឹងដាក់គេលេង។ ចំនែកប្រធានក្រុម Real Madrid និងអេស្ប៉ាញ Sergio Ramos ក៏បញ្ចូលក្នុងក្រុមដែរ ទោះបីមានរបួសថ្មីៗកន្លងទៅនេះក៏ដោយ ខណៈដែលកីឡាករ Manchester City, Ferran Torres និងកីឡាករ Juventus, Alvaro Morata ចាប់ដៃគ្នាក្នុងតំបន់ប្រយុទ្ធ។ ប្រកួតចុងក្រោយខែវិច្ឆិកាឆ្នាំមុន អេស្ប៉ាញបន្សល់លទ្ធផលល្អបំផុត ដោយឈ្នះជើងឯកបាល់ទាត់ពិភពលោក២០១៤ អាល្លឺម៉ង់ ៦ទល់នឹង០ ការប្រកួត UEFA Nation League ក្នងនោះ Torres រកបាន ៣គ្រាប់តែឯង។

ប្រាំប្រកួតចុងក្រោយជាមួយក្រិច អេស្ប៉ាញឈ្នះ៣ ស្មើ១ និងចាញ់១ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងត្រូវក្រិចស៊ុតបញ្ចូលវិញ ៥គ្រាប់។ ក្នុងពូលជាមួយគ្នានេះក្រៅពីក្រុមទាំងពីរនៅមានហ្សក់ហ្ស៊ី កូសូវ៉ូ និងស៊ុយអែត។ យប់នេះដែរក្នុងពូល B ជាមួយគ្នា ស៊ុយអែតក៏បានត្រៀមខ្លួនរាល់ដែរជួបជាមួយហ្សក់ហ្ស៊ី។ ថ្ងៃនេះស៊ុយអែតស្វាគមន៍ការត្រឡប់ពីចូលនិវត្ត របស់កីឡាករជើងចាស់ Zlatan Ibrahimovich បន្ទាប់សម្រេចចិត្តបញ្ចប់អាជីព កាលពីជើងឯកអឺរ៉ុប ២០១៦។ នេះជាការប្រកួតលើកទី១ រវាក្រុមទាំងពីរដោយមិនធ្លាប់លេងជាមួយគ្នា សូម្បីការប្រកួតមិត្តភាពអន្តរជាតិ ទោះបីក្នុងតំបន់អឺរ៉ុបជាមួយគ្នាក៏ដោយ។ ស៊ុយអែតត្រូវគេគិតថា ឈ្នះទោះបីមិនមានកីឡាករស៊ុតបញ្ចូលទីគ្រាប់ពេល Ibrahimovich ក៏ដោយ។ ក្រឡេកមកចាប់អារម្មណ៍ពូល C ដែលមានក្រុមជម្រើសជាតិអ៊ីតាលី ប៊ុលហ្ការី លីទុយអានី អៀរឡង់ខាងជើង និងស្វីសក៏ចាប់ផ្តើមការប្រកួតជម្រុះដូចគ្នា។ រំលងអាធ្រាតនេះ អ៊ីតាលីត្រូវទទួលអៀរឡង់ខាងជើង។ ក្រុមរបស់លោក Roberto Mancini ជាក្រុមដែលត្រូវគេមើលឃើញថា នឹងឡើងចេញពីពូលនេះ។
តាំងពីមិនបានលេងបាល់ទាត់ពិភពលោក ២០១៨ នៅរុស្ស៊ី វាជាលើកដំបូងហើយសម្រាប់អ៊ីតាលីតាំងពីឆ្នាំ១៩៥៨។ ក្រុមការដឹកនាំរបស់លោក Mancini ម្ចាស់បាល់ទាត់ពិភពលោក ៤ដង ឈ្នះទាំង ១០ប្រកួតជម្រុះជើងឯកអឺរ៉ុប២០២០ និងបានឡើងទៅវគ្គចុងក្រោយ Uefa Nation League ក្រោយបញ្ចប់លេខ១ ពូល A1។ ប្រកួតចុងក្រោយអ៊ីតាលីមិនដែលចាញ់អៀរឡង់ខាងជើងទេ ឈ្នះ៥ បង្កើតគ្រាប់បាល់បាន ១០គ្រាប់។ ថ្ងៃនេះដែរ ប៊ុលហ្ការីទទួលស្វីស។ ក្នុងពូល I ក្រុមតោកំណាចអង់គ្លេសបើកយុទ្ធនាការប្រកួតជម្រុះ ដោយត្រូវទទួលក្រុមចំណាត់ថ្នាក់ទាបសាំងម៉ារ៉ាំងនៅពហុកីឡដ្ឋាន Wembley។ យប់នេះខ្សែប្រយុទ្ធបិសាចក្រហម Manchester United, Marcus Rushford អាចអវត្តមាន ក្រោយមិនបានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ ដោយសាររបួសប្រអប់ជើង។ ជាមួយគ្នានេះដែរកីឡាករកាំភ្លើងធំ Arsenal, Bukayo Saka ក៏អាចអវត្តមានដែរដោយសាររបួសសរសៃពួរ។ គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate និយាយថា Marcus ពិតជាចង់លេងខ្លាំងណាស់។ តែយ៉ាងណាលោកក៏សប្បាយចិត្តដែរ ចំពោះកីឡាករ Harry Kane ដែលចង់លេងគ្រប់នាទីដែលអាចទៅរួចឱ្យអង់គ្លេស។
Harry Kane ពេលនេះបានដាក់គោលដៅរួចហើយ ដើម្បីបំបែកកំណត់ត្រាស៊ុតបញ្ចូលទីឱ្យអង់គ្លេស ៥៣គ្រាបរបស់ Wayne Rooney ខណៈដែលពេលនេះគេទើបរកបានតែ ៣២គ្រាប់ប៉ុណ្ណោះ។ ជំនួបប្រាំប្រកួតចុងក្រោយ អង់គ្លេសឈ្នះសាំងម៉ារ៉ាំងទាំង ៥ប្រកួត ដោយក្នុងនោះមួយៗប្រកួតឈ្នះមិនតិចជាង ៥គ្រាប់នោះទេ។ ក្នុងពូលជាមួយគ្នានេះដែរ យប់នេះនៅមានពីរប្រកួតទៀតគឺ អង់ដូរ៉ាប្រកួតជាមួយអាល់បានី និងហុងគ្រីប្រកួតជាមួយប៉ូឡូញ។ ចំនែកក្រុមឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ ផ្តើមប្រកួតជម្រុះបាល់ទាត់ពិភពលោកក្នុងពូល J ដោយត្រូវទទួលអ៊ីសល្លង់នៅទីក្រុង Duisberg។ យប់នេះអាល្លឺម៉ង់ស្វាគមន៍កីឡាករវ័យក្មេង Bayern Munich, Jamal Musiala បន្ទាប់ពីគ្រូបង្វឹកលោក Jaochim Low កោះហៅរូបគេមករួមក្រុម។ យប់នេះអាល្លឺម៉ង់ជួបបញ្ហាតំបន់ការពារច្រើន បន្ទាប់ពីកីឡាករមួយចំនួនដូចជា Niklas Süle Toni Kroos និង Robin Gosens រងរបួស។
នេះជាលើកទី៣ ដែលក្រុមទាំងពីរជួប ខណៈពីរលើកកន្លងមក ១៨ឆ្នាំមុនដែលអាល្លឺម៉ង់ឈ្នះ ៣ទល់នឹង០ និងស្មើគ្នា ០ទល់នឹង០។ ក្រៅពីការប្រកួតនេះពូល J ជម្រើសជាតិលិចតិនស្តាញប្រកួតជាមួយអាមេនី និងរ៉ូមានីប្រកួតជាមួយម៉ាសេដ្វាន់ខាងជើង។ ដោយឡែកសម្រាប់ការប្រកួតពូល F អ៊ីស្រាអែលប្រកួតជាមួយដាណឺម៉ាក, ជម្រើសជាតិម៉ុលដាវីប្រកួតជាមួយកោះហ្វារ៉ូ និងស្កុតប្រកួតជាមួយអូទ្រីស៕
អត្ថបទ៖គង់ ហួន