ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម អាចនឹងត្រូវយកធ្វើជាទីតាំងរៀបចំលំហាត់សមយុទ្ធនាគមាស ដែលខកខានអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង ក្នុងមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ ខែមិថុនានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បើអំណោយផលនឹងរៀបចំឡើងវិញនូវលំហាត់នាគមាស ដែលធ្លាប់ធ្វើច្រើនដងមកហើយ តែត្រូវខកខានដោយសារបញ្ហាកូវីដ-១៩។ សមយុទ្ធមហារំអិល ដែលពាក់ព័ន្ធនឹងសមុទ្ររបស់កម្ពុជា ក៏ធ្លាប់ធ្វើម្ដងដែរ ជាការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ឬសង្គ្រោះនាវា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញពីឆន្ទៈក្នុងការធ្វើលំហាត់រួមគ្នា ឲ្យទូលំទូលាយ និងធំជាងមុន ហើយបើមូលដ្ឋានរាម ដំណើរការទៅមុខបានលឿនឆាប់រហ័ស គឺច្បាស់ជានឹងប្រើមូលដ្ឋាននេះផងដែរ ដើម្បីអនុវត្តនូវកិច្ចការដ៏មានសារសំខាន់នេះ ដែលជាលំហាត់ចម្រុះ មានជើងគោក ជើងអាកាស និងជើងទឹក ដែលយ៉ាងណាក៏ដោយ ត្រូវពង្រឹងឡើងវិញ ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា ការហ្វឹកហ្វឺនលំហាត់ចម្រុះនេះ មានសារសំខាន់ ត្រូវមានការប្រុងប្រៀប ដើម្បីដំណើរការនៅពេលខាងមុខ ប៉ុន្តែនៅរដូវវស្សានេះ មិនអាចទាន់ធ្វើបានទេ និងរដូវប្រាំង ក៏មានការមមាញឹកច្រើន ដោយសារត្រូវរៀបចំកិច្ចការងារព្រឹត្តិការណ៍ស៊ីហ្គេម តែនេះជាការពិចារណា ប្រសិនអាចធ្វើបាននៅពេលណាមួយ ។
កន្លងមកកម្ពុជា ធ្លាប់បានធ្វើលំហាត់នាគមាសជាមួយចិន ចំនួន៤ដងរួចមកហើយ ក្រោមប្រធានបទផ្សេងៗ ខណៈការធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០២១៩ និងលើកទី៤ នៅឆ្នាំ២០២០ ៕អត្ថបទ៖ បាន សុខរិទ្ធិ


