ភ្នំពេញ៖ ប្រធានសមាគមដែលគ្រប់គ្រងដោយបរទេសធំៗពីរនៅក្នុងស្រុក បានបង្ហាញដល់ធុរកិច្ចថៃថា កម្ពុជាគឺជា ប្រទេសមានសក្ដានុពល និងប្រកបដោយភាពទាក់ទាញ ដែលវិនិយោគិនបរទេសគ្រប់រូបគួរសិក្សា ស្វែងយល់ អំពីឱកាសវិនិយោគនៅប្រទេសមួយនេះ ខណៈបច្ចុប្បន្ន ធនធានជំនាញកំពុងឆ្លើយតបនឹងតម្រូវការការងារ ជាពិសេសការគាំទ្រ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
លោក Arnaud Darc ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធីទំនាក់ទំនងធុរកិច្ច នៃសមា គមពាណិជ្ជកម្មថៃនៅកម្ពុជា ថា កម្ពុជាគឺជាប្រទេសមួយកំពុងមានការអភិវឌ្ឍរីកចម្រើន និងទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់ ជាពិសេសការទទួលបាននូវឱកាសវិនិយោគថ្មីៗ ដោយប្រព្រិត្តទៅដោយលូន និងប្រកបដោយ ភាពជឿជាក់។ ចំពោះវិស័យការងារវិញ កម្ពុជាមានកំលាំងពលកម្មច្រើនសមរម្យ និងចេះជំនាញច្រើនជាមុន ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញអភិវឌ្ឍឥតឈប់ឈរ ដើម្បីរុញការអភិវឌ្ឍជំនាញប្រកបដោយសក្តានុពល។
លោក Arnaud Darc បន្តថា សម្រាប់កម្ពុជា អ្វីដែលលោកចាប់អារម្មណ៍ខ្លាំងក្នុងពេលបច្ចុប្បន្ន គឺការលក់ដូរ ដែល បង្កើតឡើងដោយសិប្បកម្មខ្មែរ បានកំពុងរីកចម្រើន ដែលអាចនឹងជួយដល់ខ្សែច្រវ៉ាក់ផលិតកម្ម របស់អ្នកវិនិយោគ ដើម្បីកាត់បន្ថយការនាំចូលនូវវត្ថុធាតុដើមចំណាយតិច និងចំណេញពេលវេលា ជាពិសេស គឺការជួយលើកកម្ពស់ ដល់សហគ្រាស ឬសិប្បកម្មក្នុងស្រុកខ្មែរ។
ជុំវិញឱកាសវិនិយោគនេះដែរ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា ចំពោះការបើកកម្មវិធីទំនាក់ទំនងធុរកិច្ចនៅពេលនេះ គឺជាកត្តាសំខាន់ណាស់ ក្នុងគោលដៅផ្សារភ្ជាប់ទំនាក់នង កិច្ចសហប្រតិបត្តិការ និងបទពិសោធន៍ផ្សេងៗ ដើម្បីជំរុញការធ្វើធុរកិច្ចថៃ ឲ្យសម្រេចជោគជ័យ ជាពិសេសបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា កំពុងចាកចេញពីវិបត្តិជំងឺកូវីដ ១៩ ដែលនឹងអាចធ្វើឲ្យធុរកិច្ចមក ពីប្រទេស ថៃ អាចពង្រីកនូវមុខរបរ ឬការបើកនូវអាជីកម្មថ្មីជាដើម។
លោកស្រី ជីរ៉ាណាន់ បានលើកឡើងបន្ថែមថា ជុំវិញការវិនិយោគនៅកម្ពុជានេះ ធុរកិច្ចថៃ មានការចាប់អារម្មណ៍ អំពីឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាយ៉ាងច្រើន ដោយបានធ្វើការទំនាក់ទំនង សាកសួរពីព័ត៌មាន មកសមាគមជាច្រើន ជាពិសេសធុរកិច្ចមួយចំនួនធំពួកគេបានចាប់អារម្មណ៍ នៃការវិនិយោគលើវិស័យកសិកម្ម វិនិយោគលើការដាំផ្កា និងការបង្កើតរោងចក្រកែច្នៃផលិតផលសិកម្មជាដើម ហើយវិនិយោគិនទាំងនោះ មើលឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងរឹងមាំ និងដើរទៅមុខយ៉ាងលឿន ហើយរំពឹងថា នៅពេលខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់ខ្ពស់ជាងប្រទេសជិតខាង៕ អត្ថបទ៖ សុន រ៉ាឌី