អន្ដរជាតិ៖ ជប៉ុន, អាម៉េរិក និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៅទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ។ អ្នកការទូតទាំងនេះត្រូវបានគេជឿថា បានពិភាក្សារួមគ្នា ដើម្បីដោះស្រាយលើបញ្ហាកូរ៉េខាងជើង ដែលត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Mori Takeo, អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសទី១ របស់កូរ៉េខាងត្បូង លោក Cho Hyundong បានបើកកិច្ចប្រជុំពិភាក្សាត្រីភាគីអំពីបញ្ហានេះ។ នេះជាកិច្ចប្រជុំទល់មុខផ្ទាល់ជាលើកដំបូង របស់មន្ត្រីជាន់ខ្ពស់ទាំងបីប្រទេសនេះ។
