អ៊ុយក្រែន៖ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៤,២៥៣នាក់បានស្លាប់គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះនៅប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមវាយលុក។

ការិយាល័យនេះបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជាក់ពីចំនួនមនុស្សស្លាប់ ២,៤៥៥នាក់នៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើត និងចំនួន ១,៧៩៨នាក់នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេសនេះ រួមទាំងទីក្រុង Kyiv និងតំបន់ Kharkiv។ ការិយាល័យដដែលក៏បាននិយាយផងដែរថា ជនស៊ីវិលចំនួន ៥,១៤១នាក់បានរងរបួសអំឡុងសង្គ្រាមនេះ។ ប្រភពដដែលបានបន្ថែមទៀតថា ខ្លួនជឿថា ចំនួនពិតប្រាកដអាចមានខ្ពស់ជាងនេះ ព្រោះទីភ្នាក់ងារនេះកំពុងធ្វើការដើម្បីបញ្ជាក់ពីរបាយការណ៍នានាពីទីក្រុង Mariupol ភាគខាងកើត និងតំបន់ផ្សេងទៀត ជាទីដែលការវាយប្រយុទ្ធនៅតែកំពុងកើតមាននៅឡើយ។

ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិវិញបាននិយាយថា មនុស្សប្រមាណ ៦.៦៤លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថា ទាហានរុស្ស៊ីប្រមាណ ៣០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃក្នុងប្រទេសអ៊ុយក្រែន អំឡុងសង្គ្រាមនេះ។ ចំនួនទាហានរុស្ស៊ីស្លាប់សរុបមានជាង ៣១,០០០នាក់៕
អត្ថបទ៖ សុខមាន