បាល់ទាត់៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនហើយជាមួយខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez ជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។ តម្លៃនៃការផ្ទេរនោះគឺក្នុងរង្វង់ ៦០លានផោន នេះបើតាមការបញ្ជាក់របស់សារព័ត៌មានអង់គ្លេសមួយ។
ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez ត្រូវបានដឹងថា ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League យ៉ាងហោចណាស់បួនកំពុងតាមប្រមាញ់។ កីឡាករវ័យ ២២ឆ្នាំរូបនេះមានរដូវកាលដ៏ជោគជ័យរបស់ខ្លួនកន្លងមក ក្រោយស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤១ប្រកួតគ្រប់ក្របខណ្ឌឱ្យ Benfica ដូច្នេះហាក់មិនចំលែកឡើយដែលកីឡាករមកពីតំបន់អាមេរិកឡាទីនរូបនេះ ទទួលការចាប់អារម្មណ៍ពីក្លិបធំៗបែបនេះ។
រំលឹកថា Darwin Nunez ចាប់ផ្តើមអាជីពដំបូងនៅក្លិបអ៊ុយរូហ្កាយ Penarol នៅឆ្នាំ២០១៧ បង្ហាញខ្លួនបាន ១៤ប្រកួតស៊ុតបាន ៤គ្រាប់មុនផ្លាស់មកកាន់ក្លិបអេស្ប៉ាញ Almeria នៅឆ្នាំ២០១៩ បង្ហាញខ្លួនបាន ៣០ប្រកួតរកបាន ១៦គ្រាប់ ទើបផ្លាស់មកកាន់ Benfica នៅឆ្នាំ២០២០។ Liverpool មកដល់ពេលនេះបានសំរេចក្នុងការនាំយកកីឡាកររបស់ Fulham, Fabio Carvalho រួចហើយ ស្របពេលខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane នៅស្រពិចស្រពិលពីអនាគតរបស់ខ្លួននៅ Anfield នៅឡើយ៕
អត្ថបទ៖នាង សុភាវុធ