UN៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា ផលលំបាកសម្រាប់ពិភពលោកកើតចេញពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរខ្លាំង ដោយមនុស្សប្រមាណ ១.៦ពាន់លាននាក់ទំនងជារងផលប៉ះពាល់។

លោកអគ្គលេខាធិការបាននិយាយថា ផលប៉ះពាល់នៃសង្គ្រាមលើសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុមានលក្ខណៈជាប្រព័ន្ធធ្ងន់ធ្ងរ និងមានសន្ទុះល្បឿនលឿនទាក់ទងនឹងផលប៉ះពាល់នៃជម្លោះ ដោយបង្ហាញរបាយការណ៍ទី២ របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងផលលំបាកនៃជម្លោះនេះ។ លោកបានបន្ថែមថា សម្រាប់មនុស្សនៅជុំវិញពិភពលោក សង្គ្រាមនេះកំពុងបង្កឲ្យមានរលកនៃភាពអត់ឃ្លាន និងក្រីក្រខ្លាំងមិនធ្លាប់មានដោយបណ្ដាលឲ្យសង្គម និងសេដ្ឋកិច្ចធ្លាក់ក្នុងភាពវឹកវ។
លោក Guterres និយាយថា ខណៈដែលវិបត្តិស្បៀងអាហារនៅឆ្នាំនេះកើតឡើងដោយសារខ្វះមធ្យោបាយដឹកជញ្ជូន នៅឆ្នាំក្រោយអាចខ្វះស្បៀងអាហារតែម្ដង។ លោកបានទទូចនៅក្នុងសន្ទរកថាមួយថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់វិបត្តិដ៏ធំនេះបានគឺការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនត្រូវតែបញ្ចប់។ លោក Antonio Guterres បានថ្លែងថា អង្គការសហប្រជាជាតិបាននឹងកំពុងធ្វើការលើកញ្ចប់ ដែលនឹងនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន និងទំនិញផ្សេងទៀតពីអ៊ុយក្រែន និងរុស្ស៊ីដូចជាគ្រាប់ធញ្ញជាតិ និងជីកសិកម្មជាដើម៕
អត្ថបទ៖ សុខមាន