បាល់ទះ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហាញក្ដីរំពឹងថា តាមរយៈការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នឹងចម្រាញ់បានឈាមថ្មី ពោលគឺកីឡាករមានសមត្ថភាព និងទេពកោសល្យល្អៗ សម្រាប់ចូលរួមជុំរុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រកួតលើឆាកអន្ដរជាតិនានានៅថ្ងៃអនាគត។
ការលើកឡើងនេះ បន្ទាប់ពីពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះនៅកីឡដ្ឋានព្រីនស៍ដោយមានបេក្ខភាព ២១ក្រុមមកពីរាជធានី-ខេត្តផ្សេងៗគ្នាចូលរួម។ អគ្គលេខាធិការសហព័ន្ធដដែលបញ្ជាក់ថា ការប្រកួតនេះបើកទូលាយសម្រាប់ការចូលរួមរបស់ក្រុម ដែលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ លោកបានចាត់ទុកពានរង្វាន់នេះគឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយ។
សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នេះគឺអនុលោមតាមស្ដង់ដារអន្ដរជាតិដែលជាការប្រកួត ៦ស្មើ។ ព្រឹត្តិការណ៍នេះគ្រោងដំណើរការប្រកួតរយៈពេលជិត ៣សប្ដាហ៍ដោយក្នុងចំណោមបេក្ខភាពចូលរួមទាំង ២១នាក់ ត្រូវបានបែងចែកជា ៤ពូលដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ខណៈក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗបានឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយបន្ដការប្រកួត និងចម្រាញ់ក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ចំពោះប្រាក់រង្វាន់ជយលាភីនៃការប្រកួតនេះ សម្រាប់ក្រុមជើងឯកនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ២០លានរៀល៕
អត្ថបទ៖ លី ឈុនឡា