បាល់ទាត់៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានបដិសេធសំណើរបស់ Bayern Munich តម្លៃ ៣០លានផោនក្នុងការនាំយកខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane ទៅទឹកដីអាល្លឺម៉ង់។ Liverpool ថ្មីៗនេះទើបតែបានបដិសេធម្តងរួចមកហើយចំពោះសំណើរបស់ Bayern Munich ២៥លានផោន ខណៈសំណើលើកទី២ នៅតែមិនទាន់ឈានដល់គោលដៅរបស់ Liverpool។

Liverpool ត្រូវបានគេដឹងថានឹងអាចលក់ Sadio Mane ក្នុងតម្លៃប្រមាណ ៥០លានអឺរ៉ូស្មើនឹងប្រមាណ ៤២លានផោន ពោលគឺតម្លៃនេះដូចនឹងតម្លៃរបស់ Robert Lewandowski ដែល Bayern Munich ទាមទារពី Barcelona។ Sadio Mane និង Robert Lewandowski សុទ្ធតែនៅសល់កិច្ចសន្យាមួយឆ្នាំទៀតដូចគ្នា។ រំលឹកថា Sadio Mane បានមកកាន់ Liverpool កាលពីឆ្នាំ២០១៦ ផ្ទេរពី Southampton ក្នុងតម្លៃ ៣៤លានផោនឈ្នះពានសំខាន់ៗចំនួន ៦ ជាមួយ Liverpool ដែលរួមមាន English Premier League, UEFA Champions League, FA Cup, EFL Cup, UEFA Super Cup និង FIFA Club World Cup៕
អត្ថបទ៖នាង សុភាវុធ