ភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងថា តំបន់កំបូល និងតំបន់ឈូកវ៉ា២ បច្ចុប្បន្ននេះ លែងខ្វះទឹកប្រើប្រាស់ហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតប្រព័ន្ធទឹកស្អាត ទៅតំបន់ទាំងពីរនោះ ដើម្បីឲ្យពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្តត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ មានតំបន់ដែលខ្វះទឹកប្រើប្រាស់ជាងគេ នៅតំបន់កំបូល និងតំបន់ឈូកវ៉ា២ ហើយនៅតំបន់ព្រៃស ខណ្ឌដង្កោ កន្លែងខ្លះក៏មានខ្វះខាតផងដែរ ។
ឧត្តម បានបន្តថា បច្ចុប្បន្ន ពលរដ្ឋនៅតំបន់កំបូល ចំនួន៤សង្កាត់ ចាប់ផ្ដើមមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយប្រព័ន្ធចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទៅដល់តាំងពីខែមេសា ឆ្នាំ២០២២ ខណៈតំបន់នោះកាលពីមុន ទឹកម៉ោង៤ព្រឹក ទើបទៅដល់ ហើយនៅក្រោមដី ពលរដ្ឋត្រូវបូមបន្ត ប៉ុន្តែបច្ចុប្បន្នលែងខ្វះទឹកហើយ ដោយគ្រាន់តែបើកក្បាលរ៉ូមីណេ គឺមានទឹកប្រើប្រាស់ និងធ្វើឲ្យពលរដ្ឋតំបន់នោះមានការសប្បាយរីករាយយ៉ាងខ្លាំង ។
ឯកឧត្តម បន្តថា ចំពោះតំបន់ឈូកវ៉ា២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពិសេសនៅក្នុងបុរី ខាងរដ្ឋាកទឹក ធ្លាប់ត្រូវដឹកទឹកដាក់តាមស៊ីតែន ចែកចាយដល់ពលរដ្ឋ ប៉ុន្តែឥឡូវលែងខ្វះទឹកប្រើប្រាស់ដូចគ្នា ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាំងពីខែឧសភា ឆ្នាំ២០២២ ដោយមានទឹកប្រើប្រាស់ ២៤ម៉ោងលើ២៤ម៉ោង ។
ឯកឧត្តម ឡុង ណារ៉ូ សម្រាប់នៅតំបន់ព្រៃស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងខិតខំធ្វើយ៉ាងណា នៅរដូវប្រាំងខាងមុខ ឲ្យពលរដ្ឋមានទឹកប្រើប្រាស់ ប្រហាក់ប្រហែលតំបន់កំបូល និងតំបន់ឈូកវ៉ា២ផងដែរ ។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផលិតទឹកប្រើប្រាស់ត្រឹម ៦សែនម៉ែត្រគីប ខណៈអ្នកប្រើប្រាស់នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានរហូតដល់ជាង ៨សែនម៉ែត្រគីប ៕ អត្ថបទ បាន សុខរិទ្ធិ