ភ្នំពេញ ៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តក្រចេះ បានចុះបិទគ្លីនិក ឯកជនមួយកន្លែងនៅ ក្នុងក្រុងក្រចេះ នៅយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់រកឃើញ នូវករណីវិជ្ជមានកូវីដ-១៩ លើមន្ត្រីនគរបាលម្នាក់ ដែលបានមកសម្រាក ព្យាបាលជំងឺកាលពី ពេលថ្មីៗកន្លងទៅនេះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ការចុះបិទទីតាំងគ្លីនិក ឯកជន ខាងលើ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា មានករណីវិជ្ជមានទៅលើមន្ត្រីនគរបាលម្នាក់ឈ្មោះ វ៉ាន់ ណាក្រូ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ដែលមានអាសយដ្ឋាន ៖ ភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងភូមិអូរឫស្សី២ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ មន្ត្រីនគរបាល ដែលមានតួនាទីជា ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មកទល់ពេលនេះអាជ្ញាធរ និងមន្ត្រីសុខាភិបាល បានរកឃើញ មនុស្ស៦៤នាក់ មានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយមន្ត្រីនគរបាលឈ្មោះ វ៉ាន់ ណាក្រូ ដែលកើតជំងឺកូវីដ-១៩ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស និងជួបសាច់ញាតិខ្លួននៅខេត្តក្រចេះ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយ លោក វ៉ាន់ ណាក្រូ ចំនួន ២៩នាក់ គឺកំពុងពិនិត្យសំណាក និងបន្តឲ្យធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស តែម្តង និងម្នាក់ទៀត ធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោល ចំនួន ៣៤នាក់ផ្សេងទៀត គឺតម្រូវអោយធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរ និងសមត្ថកិច្ច ។ ហើយបច្ចុប្បន្ននេះ ក្រុមការងារបាន និងកំពុងបន្តចុះពិនិត្យសិក្សាស្វែងរកបន្ថែមទៅលើ អ្នកពាក់ព័ន្ធផ្សេងទៀងផងដែរ ទាំងផ្ទាល់ និងដោយប្រយោល ។
សូមជម្រាបថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវជាបន្ទាន់មួយទៅកាន់ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន ។ ក្នុងករណី លេចចេញរោគ សញ្ញា ក្តៅខ្លួន ក្អក កណ្ដាស់ ឈឺក ហៀរសំបោ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយក សំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេររោគកូវីដ១៩ ៕
អត្ថបទ ៖ សេង ម័រ





