ភ្នំពេញ៖ ថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២២នេះ កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥។ ក្រៅពីការចាក់ជូនក្រុមមន្រ្តីគោលដៅ ក៏មានការចាក់វ៉ាក់សាំងដូសទី៥ ជូនប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផងដែរ។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៥ ជូនក្រុមមន្រ្តីគោលដៅ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលមានគម្លាតពីការចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេលយ៉ាងតិច៣ខែ។ ការចាក់វ៉ាក់សាំងដូសទី៥នេះ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺចាប់ពីកុមារដែលមានអាយុ ១២ឆ្នាំឡើងទៅ។
ថ្ងៃចាប់ផ្ដើមដំបូងនេះ ប្រជាពលរដ្ឋមួយចំនួន ភាគច្រើនជាមនុស្សវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ បានទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងមន្ទីរពេទ្យបង្អែកដង្កោ។ ការមកទទួលការចាក់វ៉ាក់សាំងនេះ គឺពួកគាត់បង្ហាញនូវភាពពេញចិត្ត និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានស្វះស្វែងរកវ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតថ្លៃរហូតដល់ដូសទី ៥ ។
ថ្ងៃដំបូងនេះ សម្រាប់ទិដ្ឋភាពនៅមន្ទីរពេទ្យបង្អែកដង្កោ គឺពុំមានវត្តមានកកកុញ មនុស្សច្រើននោះទេ ខណៈថ្ងៃនេះជាថ្ងៃបំពេញកិច្ចការ ពុំមែនជាថ្ងៃឈប់សម្រាក។ ការចាក់ដូសទី ៥ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ គឺប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca និងមានការចាក់ជូនទាំងប្រជាពលរដ្ឋដែលប្រើប្រាស់កាតវ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងកាតវ៉ាក់សាំងរបស់ក្រសួងសុខាភិបាល។បច្ចុប្បន្នកម្ពុជា គ្រប់គ្រងបញ្ហាកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ភាពប្រសើរដោយសារក្នុងរយៈពេលប្រមាណ ១ខែមកនេះ គឺកម្ពុជាពុំករណីឆ្លងសូម្បីតែ ១ករណី។ លើសពីនេះ ការចាក់វ៉ាក់សាំងក៏សម្រេចបានផលជោគជ័យផងដែរ ដោយគិតត្រឹមថ្ងៃទី ៨ខែ មិថុនាឆ្នាំ ២០២២ គឺសម្រេចបាន ៩៤,០៦ភាគរយ នៃប្រជាពលរដ្ឋសរុប ១៦លាននាក់៕
អត្ថបទ៖ គឹមហុក