ភ្នំពេញ៖ ធនាគារពិភពលោក បានរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាដូចនឹងកំណើនព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើនសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងខ្ពស់ ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។
យោងតាមរបាយការណ៍ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ធនាគារពិភពលោក ព្យាករណ៍ថា សម្រាប់ឆ្នាំនេះ ទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា មិនមានការផ្លាស់ប្ដូរពីការព្យាករណ៍ក្នុងខែមករាទេ ខណៈដែលការព្យាករណ៍សម្រាប់ប្រទេសវៀតណាម បានកើនឡើង ០,៣ ភាគរយ។
កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ៤,៥ ភាគរយនៅឆ្នាំនេះទៅ ៥,៨ ភាគរយនៅឆ្នាំក្រោយ ដែលជាល្បឿននៃការពង្រីកលឿនបំផុតបន្ទាប់ពីប្រទេសវៀតណាម ដែលជាប្រទេសដែលវាត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ៥,៨ ភាគរយទៅ ៦,៥ភាគរយ។
ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ ភាគរយនៅឆ្នាំនេះ។
ធនាគារពិពពលោក លើកឡើងក្នុងរបាយការណ៍ថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរ ថមថយនៃសេដ្ឋកិច្ច សាកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះ កំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។
នៅក្នុងកម្រិតសាកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយក្នុងឆ្នាំ២០២១ មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងច្រើនប្រៀងធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាល ពីខែមករាដើមឆ្នាំនេះ។
តាមការរំពឹងទុក កម្រិត ២,៩ភាគរយ នេះ នឹងនៅទ្រឹងសំកាំងរហូតដល់ឆ្នាំ២០២៣ និង២០២៤ ដោយសារតែ សង្រ្គាមនៅអ៊ុយក្រែន បង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ហើយក្នុង រយៈពេលខ្លីខាងមុខ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ រីឯគោលនយោបាយអន្តរាគមផ្នែកហិរញ្ញវត្ថុ និងរូបិយវត្ថុ ក៏នឹងត្រូវដកថយដែរ។
ជាលទ្ធផលនៃការខូចខាតសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត និងសង្គ្រាម ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ និងមានកម្រិត៥ភាគរយ ទាបជាងកម្រិតដែលធ្លាប់មានកាល ពីមុនសម័យផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ អត្ថបទ៖ វណ្ណៈ
