ស៊ូដង់៖ អង្គការសហប្រជាជាតិបាននិយាយថា កិច្ចចរចាសំដៅបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដែលកំពុងបន្តរបស់ប្រទេសស៊ូដង់បានចាប់ផ្តើមកាលពីថ្ងៃពុធ ទោះបីជាសម្ព័ន្ធគាំទ្រលទ្ធិប្រជាធិបតេយ្យធំរបស់ប្រទេសនេះធ្វើពហិការ ជុំវិញការបន្តការបង្ក្រាបរបស់នគរបាលទៅលើក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋប្រហារយោធាកាលពីខែតុលាឆ្នាំមុនក៏ដោយ។

កិច្ចខិតខំស្វែងរកសន្តិភាពរួមគ្នានេះត្រូវបានសម្របសម្រួល ដោយបេសកកម្មនយោបាយរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ សហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ក្រុមតំបន់អាហ្វ្រិកខាងកើតទាំងប្រាំបីប្រទេស។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងនាំយកឧត្តមសេនីយ៍ ក្រុមអ្នកនយោបាយ និងក្រុមអ្នកតវ៉ាចូលមកតុចរចា។ ការដណ្តើមយកការគ្រប់គ្រងរបស់យោធា បានធ្វើឱ្យជាប់គាំងការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់ប្រទេសស៊ូដង់ ហើយបានធ្វើឱ្យប្រទេសអាហ្វ្រិកខាងកើតមួយនេះធ្លាក់ចូលទៅក្នុងភាពចលាចល។ ប្រទេសស៊ូដង់បាននឹងកំពុងផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការគាបសង្កត់ជិត 3ទសវត្សរ៍ និងនៅឯកោពីអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់បុរសខ្លាំងដែលគាំទ្រអ៊ីស្លាមនិយមលោក Omar al-Bashir។
ការបះបោរខ្លាំងមួយបានជំរុញឱ្យយោធាបណ្តេញលោក al-Bashir កាលពីខែមេសា ឆ្នាំ2019។ ការចរចាកាលពីថ្ងៃពុធបានចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំបច្ចេកទេសនៅទីក្រុង Khartoum រដ្ឋធានីប្រទេសស៊ូដង់ ដែលមានការចូលរួមពីយោធា និងជនស៊ីវិល។ វាបានធ្វើឡើងបន្ទាប់ពីការពិភាក្សាដោយឡែកពីគ្នាជាច្រើនខែ ជាមួយនឹងក្រុមជាច្រើនរួមមានទាំងយោធា និងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Volker Perthes បាននិយាយថា ដំណើរការនេះនឹងពិភាក្សាអំពីកម្មវិធីអន្តរកាល រួមទាំងការតែងតាំងនាយករដ្ឋមន្ត្រីស៊ីវិល និងការរៀបចំសម្រាប់ពង្រាងរដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍ និងការបោះឆ្នោត៕
អត្ថបទ៖ ប៊ុនថន