បាល់ទាត់៖ ខ្សែបម្រើក្រូអាស៊ី Luka Modric បានយល់ព្រមបន្តកិច្ចសន្យា ១ឆ្នាំបន្ថែមទៀតជាមួយ Real Madrid បន្ទាប់ពីរដូវកាលដ៏អស្ចារ្យចុងក្រោយនេះ។

កីឡាករវ័យ ៣៦ឆ្នាំដែលធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or កាលពីឆ្នាំ២០១៨ នោះបានមកកាន់ទឹកដី Real Madrid កាលពីឆ្នាំ២០១២ ពីក្លិបអង់គ្លេស Tottenham Hotspur ដោយបានបង្ហាញខ្លួនសរុបនៅទឹកដីអេស្ប៉ាញ ៤៣៦ប្រកួត។ សមាជិកក្រុមក្រូអាស៊ីដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ រូបនេះបានឈ្នះជើងឯក La Liga បីលើក និង UEFA Champions League ៥លើកជាមួយ Real Madrid។ Modric បានបង្ហាញខ្លួន ២៨ប្រកួតឱ្យក្រុមរបស់លោក Carlo Ancelotti លើកពាន La Liga និងចូលលេង ១៣ប្រកួតឱ្យ Real Madrid លើកពានជើងឯកអឺរ៉ុបលើកទី ១៤ ក្នុងប្រវត្តិសាស្ត្រក្លិប។ កាលពីឆ្នាំ២០១៨ Luka Modric បានឈ្នះបាន Ballon d’Or ដែលជាកីឡាករទី១ ក្នុងរយៈពេលជាង ១០ឆ្នាំដែលឈ្នះពានមួយនេះក្រៅពី Ronaldo និង Messi៕
អត្ថបទ៖នាង សុភាវុធ