សហរដ្ឋអាមេរិក៖ បណ្តាប្រមុខការបរទេសបានចាប់ផ្តើមមកដល់កិច្ចប្រជុំកំពូលទ្វីបអាមេរិក ខណៈសេតវិមានបានច្រានចោលលើការលើកឡើងដែលអវត្តមានមេដឹកនាំសំខាន់ៗមួយចំនួន មិនចូលរួមកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះមានចំនួនថយចុះសម្រាប់លទ្ធិប្រជាធិបតេយ្យ។

មន្ត្រីរដ្ឋបាលរបស់លោក Biden កំពុងស្វែងរកការខិតខំលើបញ្ហាសន្តិសុខស្បៀង បញ្ហាអាកាសធាតុ និងវិស័យផ្សេងទៀតដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះ។ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីបានអះអាងថា កិច្ចប្រជុំកំពូលមិនមែនជាមូលហេតុបរាជ័យ ដោយគ្រាន់តែប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andrés Manuel López Obrador និងមេដឹកនាំដទៃទៀតបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចប្រជុំ ព្រោះតែសហរដ្ឋអាមេរិកបានដកប្រទេសគុយបា វ៉េណេស៊ុយអេឡា និងនីការ៉ាហ្គ័រចេញនោះទេ ដែលប្រទេសទាំងអស់នេះបញ្ជូនជនអន្តោប្រវេសន៍ច្រើនលើសលប់មកកាន់សហរដ្ឋអាមេរិក និងប្រទេសជិតខាង ព្រោះតែពួកគេជាប្រទេសដែលត្រូវបានដឹកនាំដោយក្រុមផ្តាច់ការ។
ចាប់តាំងពីការវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែន បានបង្កឱ្យមានការកើនឡើងតម្លៃថាមពល សហរដ្ឋអាមេរិកបានចាប់ផ្តើមវាយតម្លៃឡើងវិញ នូវគោលនយោបាយរបស់ខ្លួនលើប្រទេសវ៉េណេស៊ុយអេឡា ជាប្រទេសឈរលើចំណុចកំពូលនៃការស្តុកប្រេងធំបំផុតរបស់ពិភពលោក។ ក្នុងចំណោមកម្មវិធីថ្មីៗលោក Biden ត្រូវបានគេរំពឹងថានឹងបង្ហាញនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនូវទឹកប្រាក់ 300លានដុល្លារក្នុងគំនិតផ្តួចផ្តើមផ្តល់ហិរញ្ញប្បទានសន្តិសុខស្បៀង ភាពជាដៃគូ អាកាសធាតុតំបន់សមុទ្រការាបៀនថ្មី ដែលនឹងជួយបណ្តាប្រទេសការាបៀនទទួលបានប្រភពថាមពលកាបូនទាប និងកម្មវិធីបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល 5សែននាក់នៅអាមេរិកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕
អត្ថបទ៖ ប៊ុនថន