ភ្នំពេញ ៖ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រកាសផ្តល់ថវិកា ១០ លានដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។
កំណត់ហេតុនៃកិច្ចពិភាក្សាត្រូវបានចុះហត្ថលេខាដោយលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកា ប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ គម្រោងនេះមានគោលបំណងដើម្បីអភិវឌ្ឍតំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។ ក្រោមជំនួយឥតសំណងចំនួន១០លានដុល្លារពីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា គម្រោងនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេល៦០ខែ (២០២២-២០២៦) ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ(ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ។ ធាតុផ្សំសំខាន់ៗនៃគម្រោងរួមមាន ១) ការកែលម្អជីវភាពរស់នៅជនបទ. ២)ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និង ៣)ការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា គម្រោងនេះគឺជាការគាំទ្រដ៏សំខាន់មួយ ដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ជាលទ្ធផល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ភាគច្រើនត្រូវបានដោះនិងបំផ្លាញចោល។ ទោះជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពេលដែលពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព។
ជាមួយគ្នានោះដែរ លោក នោ ហ្យន់ជូន បានលើកឡើងថា វិស័យអភិវឌ្ឍន៍ជនបទ គឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូរប្រចាំប្រទេស របស់ទីភ្នាក់ងារកយកា។ ទីភ្នាក់ងារកយកា ប្តេជ្ញាគាំទ្រលើវិស័យនេះ ក្រៅពីគម្រោងនេះ ទីភ្នាក់ងារកយកា ក៏បានផ្តល់ថវិកាចំនួន១០លានដុល្លារកាលពីឆ្នាំ២០២១ ដល់ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សម្រាប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ដូច្នេះហើយ ជាមួយនឹងគម្រោងថ្មីនេះ តំបន់ដែលធ្លាប់មានសង្រ្គាមធ្ងន់ធ្ងរនឹងក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព៕ អត្ថបទ ៖ រដ្ឋា




