អ៊ុយក្រែន៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតែបន្តវាយប្រហាររុលទៅមុខ ទប់ទល់នឹងកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Severodonetsk ភាគខាងកើត ខណៈទប់ទល់ការវាយប្រហារនានាបានដោយជោគជ័យនៅក្នុងភាគខាងជើង និងខាងត្បូងអំឡុងសប្ដាហ៍ទី១៥ ឬថ្ងៃទី១០៧ នៃសង្គ្រាមនេះ។

ការវាយរុលទៅមុខនៅភាគខាងត្បូងបានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែឧសភា និងនៅថ្ងៃទី២ ខែមិថុនា ប្រធានរដ្ឋបាលយោធាខេត្ត Kherson លោក Hennadiy Lahuta បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានរំដោះយកភូមិចំនួន២០។ នៅក្នុងតំបន់មួយចំនួន កងកម្លាំងអ៊ុយក្រែនបានត្រៀមវាយរុញកងកម្លាំងរុស្ស៊ី នៅតាមខ្សែបន្ទាត់ការពារនានាឲ្យត្រឡប់ក្រោយចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ។ កងទ័ពជើងទឹកអ៊ុយក្រែនក៏បាននិយាយនៅលើបណ្ដាញសង្គម Facebook ផងដែរថា ការបាញ់មីស៊ីលប្រឆាំងនាវារបស់ខ្លួនបានបង្ខំឲ្យនាវារុស្ស៊ីដកថយចម្ងាយ ១០០គីឡូម៉ែត្រពីដីគោក និងជំរុញរុស្ស៊ីឲ្យដាក់មីស៊ីលប្រឆាំងនាវាប្រើដោយថាមពលថ្ម Bal និង Bastion នៅលើតំបន់ Crimea។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្តល់អាទិភាពដល់យោធារុស្ស៊ីដែលកាន់កាប់ទាំងតំបន់ Luhansk ទាំង Donetsk ជាខេត្តពីរបង្កើតជាតំបន់ Donbas។ ក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីបានចាប់ផ្តើមប្រយុទ្ធជាលើកដំបូង ដើម្បីគ្រប់គ្រងតំបន់នេះនៅក្នុងឆ្នាំ២០១៤ ខណៈលោក Putin បានទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពនៃអ្វីដែលហៅថា "សាធារណរដ្ឋប្រជាមានិត" Donetsk និង Luhansk មុនពេលចាប់ផ្តើមការលុកលុយពេញបន្ទុកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
អត្ថបទ៖ សុខមាន