បាល់ទាត់៖ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Divock Origi នឹងចាកចេញពីក្លិបហង្សក្រហម Liverpool ហើយនៅពេលកិច្ចសន្យាអស់សុពលភាពនៅដំណាច់ខែនេះ នេះបើតាមការបញ្ជាក់របស់ក្លិបនៅ Merseyside។ Divock Origi គឺជាសមាជិកសំខាន់របស់ Liverpool ក្នុងរដូវកាល ២០១៩ ដែលលើកពាន UEFA Champions League ដោយរូបគេគឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២ នៅវគ្គផ្តាច់ព្រ័ត្រឱ្យ Liverpool យកឈ្នះ Tottenham Hotspur ២-០។

Divock Origi បានមកដល់ Liverpool កាលពីឆ្នាំ២០១៤ ទិញពីក្លិបបារាំង Lille ក្នុងតម្លៃ ១០លានផោននៅពេលនោះ តែក៏ត្រូវបាន Liverpool បញ្ចេញឱ្យ Lille ខ្ចីជើងពេញមួយរដូវកាល និងធ្លាប់ចំណាយពេល ១រដូវកាលជាកីឡាករខ្ចីជើងនៅក្លិបអាល្លឺម៉ង់ Wolfsburg ផងដែរ។ សរុបរយៈពេល ៨ឆ្នាំកន្លងទៅកីឡាករវ័យ ២៧ឆ្នាំរូបនេះបង្ហាញខ្លួនសរុបបាន ១៧៥លើករកបាន ៤១គ្រាប់ ឈ្នះជើងឯក English Premier League មួយលើក, UEFA Champions League មួយលើក, League Cup មួយលើក, FA Cup មួយលើក, UEFA Super Cup មួយលើក និង FIFA Club World Cup មួយលើក។ AC Milan ត្រូវបានគេដឹងថា ជាគោលដៅរបស់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ៕
អត្ថបទ៖នាង សុភាវុធ