ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរីផងដែរ។
សេចក្តីប្រកាសព័ត៌មាន ដែលក្រសួងការពារជាតិបានចេញនាពេលកន្លងទៅនេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) សម្រាប់ឆ្នាំ២០២២នេះ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនានេះ នឹងលើកយកវិធានបទជាច្រើនមកពិភាក្សា ដោយក្នុង នោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក-សហរដ្ឋអាមេរិក ការគ្រប់គ្រងការប្រកួតប្រ ជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល ការបង្កើតទម្រង់ថ្មី នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ទំនើប កម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ ចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រ ឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។
សេចក្តីប្រកាស បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យ ប្រជុំពិសេសចំនួន៤ផងដែរ ដែលរួមមាន (១) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង (២) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (៣) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (៤) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចពិជ័យសេ នា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍នៅក្នុងសម័យប្រជុំពេញអង្គ ទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថ ភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍ វិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារ ដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការ រក្សាតុល្យភាពស្ថិរភាពតំបន់។
ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕
អត្ថបទ៖ បាន ចក់




