ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជាថ្មី នៅថ្ងៃទី១៣ ខែមិថុនា ដើមសប្ដាហ៍ក្រោយនេះ។ ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ជាការរៀបចំជាថ្មី ក្រោយខកខានរយៈពេល ពីរឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩។
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចយកថ្ងៃទី ១៣ ខែមិថុនា ដើមសប្ដាហ៍ក្រោយ សម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងថ្នាក់ទី ១២។ ការប្រឡងនេះ នឹងរៀបចំឡើងនៅទីតាំង វិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប ហើយនេះក៏ជាការប្រឡងជាថ្មី ក្រោយមានវត្តមានកូវីដ-១៩នៅកម្ពុជាផងដែរ។ ចំពោះការប្រគល់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា នៅទីតាំងប្រឡងដោយផ្ទាល់។
ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ជាការប្រកួតប្រជែងលើមុខវិជ្ជាសំខាន់ចំនួន ៣។ មុខវិជ្ជាទាំង ៣នេះ រួមមាន គណិតវិទ្យា រូបវិទ្យា និងអក្សរសិល្ប៍ខ្មែរ។ ចំពោះចំនួនសិស្សដែលនឹងចូលរួម ក្នុងការប្រឡងវគ្គផ្ដាច់ព្រាត់ នៅខេត្តសៀមរាប គឺមានចំនួនសរុប ៤៨០ នាក់ ដោយមួយមុខវិជ្ជា មានបេក្ខភាពប្រកួតចំនួន ៨០ នាក់។
ពាក់ព័ន្ធនឹងការប្រឡងនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា វាជាព្រឹត្តិការណ៍សំខាន់។ ភាពសំខាន់គឺជំរុញ សិស្សនៅថ្នាក់មធ្យមសិក្សាឱ្យយកចិត្តទុកដាក់លើ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្រ្ត។ ការប្រឡងក្នុងឆ្នាំ ២០២២នេះ គឺនៅតែរក្សាយន្តការដដែល ខណៈគ្រប់យ៉ាងកំពុងប្រព្រឹត្តិទៅតាមការគ្រោងទុក។
ការប្រឡងសិស្សពូកែទូទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានផ្ដល់ជូននូវប្រាក់រង្វាន់ដល់ជ័យលាភីផងដែរ។ ជ័យលាភីគឺ កំណត់យកចាប់ពី លេខ ១ ដល់លេខ ១០ ដោយជ័យលាភីលេខ១ទទួលបាន ទឹកប្រាក់ចំនួន ៣លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ ២ទទួលបានចំនួន ៣លាន ២សែនរៀល, លេខ ៣ទទួល បា ន ២លាន ៩សែនរៀល៕ អត្ថបទ៖ គឹមហុក