ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសង្ស័យមានជំងឺពងបែកជើង ដៃ និងមាត់ រួសរាន់ទៅជួបគ្រូពេទ្យ ប្រសិនបើមានអាការៈពិបាកដកដង្ហើម និងខ្សោយកំលាំងខ្លាំង។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់BTVឱ្យដឹងថា បច្ចុប្បន្នក្រសួងសុខាភិបាល បានរកឃើញជារប៉េះរប៉ោះនៃជំងឺពងបែកនៅដៃ ជើង និងក្នុងមាត់ លើកុមារតាមបណ្តាខេត្តមួយចំនួន។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ។ ជំងឺនេះកើតមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ក្រៅពីនេះ លោកជំទាវ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសង្ស័យមានជំងឺពងបែកដៃ ជើង និងមាត់ សូមរួសរាន់ទៅជួបគ្រូពេទ្យ ប្រសិនបើមានអាការៈពិបាកដកដង្ហើម និងខ្សោយកំលាំងខ្លាំង។
បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅពេលថ្មីៗនេះ បានបញ្ជាក់ថា រោគសញ្ញាដំបូង នៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្តៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមាន ពងបែកនៅលើបាតដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។
ដោយឡែកការព្យាបាលវិញ គឺអ្នកវិទ្យាសាស្រ្តមិនទាន់បានរកឃើញជាក់លាក់នោះទេ ប៉ុន្តែជាការណែនាំរបស់ក្រសួងសុខាភិបាល អ្នកជំងឺគួរពិសាទឹកឲ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្តៅដោយថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីដំបៅក្នុងមាត់។ ទោះជាមិនបានទទួលការព្យាបាល អ្នកជំងឺភាគច្រើនអាចជាសះស្បើយទៅវិញក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ លើកលែងតែករណីជំងឺមួយចំនួនតូចដែលធ្ងន់ធ្ងរត្រូវទាមទារការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ៕ អត្ថបទ៖ទូច សោភ័ណ
