ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមកទល់ពេលនេះ មានបណ្តឹងចំនួន៩៩ ដែលប្តឹងពាក់ព័ន្ធ នឹងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានកំពុងដោះស្រាយតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។
ថ្លែងប្រាប់BTV News ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា បន្ទាប់ពីលទ្ធផលបឋមបានផ្សព្វផ្សាយ រហូតបន្តដល់ការបិទផ្សាយលទ្ធផលបណ្តោះអាសន្នជាសាធារណៈតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មានប្រជាពលរដ្ឋ និងតំណាងគណបក្សនយោបាយនានា បានប្តឹងទាស់នឹងលទ្ធផលបោះឆ្នោត ។ ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមពាក្យបណ្តឹងដែលប្តឹងទាស់នឹងលទ្ធផលចំនួន៩៩ មានបណ្តឹងចំនួន៥៥ ប្តឹងទាស់អំឡុងពេលប្រកាសលទ្ធផលបឋម ខណៈបណ្តឹងចំនួន៤៤ផ្សេងទៀត បានប្តឹងក្នុងដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នតាមគណៈកម្មការឃុំ-សង្កាត់កាលពីប៉ុន្មានថ្ងៃមុននេះ។
ឯកឧត្តមសង្កត់ធ្ងន់ថា បណ្តឹងដែលបានប្តឹងសរុបជិត១០០បណ្តឹងនេះ មិនប៉ះពាល់ដល់ដំណើរការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។
ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៩លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។ ក្រៅពីការរៀបចំរបស់ គ.ជ.ប ដោយស្របតាមនីតិវិធី និងតម្លាភាព ការបោះឆ្នោតឃុំ-សង្កាត់នេះ ក៏មានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាតចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម