អ៊ុយក្រែន៖ តុលាការនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួននៅប្រទេសអ៊ុយក្រែនភាគខាងកើត បានកាត់ទោសប្រហារជីវិតពលរដ្ឋអង់គ្លេសពីរនាក់ និងបុរសជនជាតិម៉ារ៉ុកម្នាក់ពីបទប្រយុទ្ធនៅខាងភាគីអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។

បុរសទាំងបីនាក់បានប្រយុទ្ធរួមជាមួយទាហានអ៊ុយក្រែន ហើយបានចុះចាញ់កងកម្លាំងរុស្ស៊ីកាលពីប៉ុន្មានសប្តាហ៍មុន។ តុលាការនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯងបានរកឃើញថា ពួកគេមានពិរុទ្ធពីបទធ្វើសកម្មភាពឈានទៅរកការផ្តួលរំលំអំណាចដោយហិង្សា ជាបទឧក្រិដ្ឋត្រូវកាត់ទោសប្រហារជីវិតនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមឧទ្ទាម ដែលគ្មានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន។ បុរសទាំងបីក៏ត្រូវបានកាត់ទោសពីសកម្មភាពជាទាហានស៊ីឈ្នួល និងអំពើភេរវកម្ម។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទាំងបីនឹងត្រូវប្រឈមមុខទៅនឹងក្រុមអ្នកបាញ់ប្រហារ ប៉ុន្តែពួកគេមានរយៈពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍៕
អត្ថបទ៖ ប៊ុនថន