បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ Valencia បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Gennaro Gattuso ដែលជាអតីតកីឡាករ និងគ្រូបង្វឹករបស់ក្លិបអ៊ីតាលី AC Milan។

បុរសវ័យ ៤៤ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ២ឆ្នាំដឹកនាំ Valencia បន្ទាប់ពីមិនមានក្លិបដឹកនាំឡើយតាំងពីខែឧសភា ឆ្នាំ២០២១ ក្រោយចាកចេញពី Napoli ដែលលោកធ្លាប់ដឹកនាំឈ្នះជើងឯក Coppa Italia មុនចាកចេញ។ អតីតខ្សែបម្រើជំរើសជាតិអ៊ីតាលីរូបនេះក៏ធ្លាប់ត្រូវបានតែងតាំងជាអ្នកចាត់ការ Fiorentina ដែរកាលពីដើមរដូវកាលមុន តែក៏បានចែកផ្លូវគ្នាវិញទាំងមិនទាន់បានដឹកនាំមួយប្រកួតផង។
លោក Gennaro Gattuso ដែលធ្លាប់ចំណាយពេល ១៣ឆ្នាំជាកីឡាកររបស់ AC Milan បានមកកាន់ Valencia ជំនួសតំណែងលោក Jose Bordalas ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រុមជើងឯកលីគអេស្ប៉ាញ ៦សម័យ Valencia បានបញ្ចប់រដូវកាលកន្លងទៅនៅចំណាត់ថ្នាក់លេខ៩៕
អត្ថបទ៖នាង សុភាវុធ