ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានទទួលថវិកាសប្បុរសធម៌ពីក្រុមហ៊ុន អៅវើធិចស្តាយ ខូលិចសិន ខូអិលធីឌី ដែលបានឧបត្ថម្ភថវិកាចំនួន១២លានរៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២។ ពិធីនេះធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសជំនួបសវនាការ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន អៅវើធិចស្តាយ ខូលិចសិន ខូអិលធីឌី ដែលបានចូលរួមបរិចា្ចគថវិកាសម្រាប់ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ ដើម្បីកាកបាទក្រហមកម្ពុជា បានយកទៅបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។
លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍បន្តថា សម្រាប់ជំនួយដែលបានមកពីសប្បុរសជននានា កាកបាទក្រហមកម្ពុជា បានយកទៅធ្វើអណ្តូងទឹក បន្ទប់ទឹក ស្ថានីយលាងដៃនៅតាមសាលារៀនជនបទ សង់ផ្ទះជូនអតីតយុទ្ធជន ឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផា អង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងរងគ្រោះដោយធម្មជាតិផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះលោកឧញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន អៅវើធិចស្តាយ ខូលិចសិន ខូអិលធីឌី បានឱ្យដឹងថា លោកពិតជាមានក្តីសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុនបានចូលរួមចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួននេះ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា៨ឧសភា ឆ្នាំ២០២២នេះ ទុកសម្រាប់ជាជំនួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថាក្រុមហ៊ុន អៅវើធិចស្តាយ ខូលិចសិន ខូអិលធីឌី បានបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌ ចំនួន៦លើករួចមកហើយ សរុបជាទឹកប្រាក់ចំនួន ៥៤លានរៀល៕ អត្ថបទ ៖ សំ ងីម






