អ៊ុយក្រែន៖ មនុស្សរាប់រយនាក់បានបន្តភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំង នៅអ៊ុយក្រែនភាគខាងកើតកាលពីថ្ងៃសុក្រ ខណៈកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទីក្រុង និងភូមិសំខាន់ៗមួយចំនួននៅក្នុងតំបន់ Luhansk និង Donetsk។

ប្រជាជនអ៊ុយក្រែនរាប់រយនាក់បានចាកចេញតាមរថភ្លើងជម្លៀសពិសេសដោយចេញពីទីក្រុង Pokrovsk ឆ្ពោះទៅកាន់ទីក្រុង Dnipro និងទីក្រុងផ្សេងទៀតនៅភាគខាងលិច។ ភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់បានឡើងលើរថភ្លើងដែលដឹកមនុស្សប្រមាណ ៣០០នាក់ត្រូវបានបង្ខំឱ្យចាកចេញ ខណៈការប្រយុទ្ធគ្នាបានហ៊ុមព័ទ្ធលំនៅឋានរបស់ពួកគេ។ ស្ត្រីម្នាក់បានសម្រេចចិត្តចាកចេញជាមួយក្រុមគ្រួសារ ដែលការបាញ់ផ្លោងបានឈានចូលដល់សង្កាត់របស់ពួកគេក្នុងទីក្រុង Krasnohorivka ចម្ងាយប្រហែល 20គីឡូម៉ែត្រពីតំបន់ Donetsk ក្នុងការគ្រប់គ្រងរបស់កងកម្លាំងផ្តាច់ខ្លួនគាំទ្ររុស្ស៊ី។
ប្រជាជនភៀសខ្លួននិយាយថា យើងបានរស់នៅជាមួយសង្គ្រាមអស់រយៈពេល ៨ឆ្នាំមកហើយ។ កូនៗរបស់យើងមានការព្រួយបារម្ភគ្រប់ពេល ពួកគេខ្លាចនៅពេលយប់ ដូច្នេះយើងបានសម្រេចចិត្តនាំយកពួកគេចេញពីទីក្រុង Krasnohorivka ឆ្ងាយពីការបាញ់ផ្លោង។ អ្នកជម្លៀសខ្លួនភាគច្រើនដែលឡើងលើរថភ្លើងក្នុងទីក្រុង Prokovsk គឺមកពីតំបន់ដែលកងកម្លាំងរុស្ស៊ីកំពុងផ្តោតការវាយលុករបស់ពួកគេ ដើម្បីដណ្តើមយកតំបន់ Donbas រួមទាំងទីក្រុង Sievierodonetsk, Sloviansk, Bakhmut និង Popasna៕
អត្ថបទ៖ ប៊ុនថន