សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំអាមេរិកឡាទីនផ្សេងទៀតកាលពីថ្ងៃសុក្រ បានប្រកាសពីអ្វីដែលកំពុងត្រូវបានគិតថា ជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសនានាក្នុងការទទួលជនអន្តោប្រវេសន៍ និងជនភៀសខ្លួនយ៉ាងច្រើន។

សេចក្តីប្រកាសនៅទីក្រុង Los Angeles ប្រហែលជាលទ្ធផលធំបំផុតនៃកិច្ចប្រជុំកំពូលនៃទ្វីបអាមេរិក ដែលត្រូវបានកាត់បន្ថយដោយភាពខ្វែងគំនិតគ្នាលើបញ្ជីនៃការអញ្ជើញរបស់លោក Biden។ មេដឹកនាំប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសនៅអាមេរិកកណ្តាលមួយចំនួន បានបញ្ជូនអ្នកការទូតកំពូលមកចូលរួមជំនួស បន្ទាប់ពីសហរដ្ឋអាមេរិកបានដកប្រទេសគុយបា នីការ៉ាហ្គ័រ និងវ៉េណេស៊ុយអេឡា។ គោលការណ៍មួយចំនួនដែលបានប្រកាសនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះ រួមមានវិធានការច្បាប់ក្នុងការចូលប្រទេស និងជំនួយទៅដល់សហគមន៍ដែលរងផលប៉ះពាល់ដោយការធ្វើអន្តោប្រវេសន៍ ការគ្រប់គ្រងព្រំដែនប្រកបដោយមនុស្សធម៌ និងការឆ្លើយតបបន្ទាន់ដោយមានការសម្របសម្រួល។
លោក Biden បាននិយាយនៅលើវេទិកាមានទង់ជាតិសម្រាប់ប្រទេសចំនួន 20 ដែលបានចូលរួមកិច្ចព្រមព្រៀងថា យើងម្នាក់ៗកំពុងចុះហត្ថលេខាលើការប្តេជ្ញាចិត្ត ដែលទទួលស្គាល់បញ្ហាប្រឈមដែលយើងទាំងអស់គ្នាចែករំលែក។ សហរដ្ឋអាមេរិកសន្យាផ្តល់ទឹកប្រាក់ចំនួន 314លានដុល្លារដើម្បីជួយដល់ប្រទេសដែលទទួលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ហើយកំពុងបន្ត ឬបន្ថែមកិច្ចខិតខំដើម្បីឲ្យគ្រួសារប្រទេសហៃទី និងគុយបាជួបជុំគ្នាឡើងវិញ៕
អត្ថបទ៖ ប៊ុនថន