កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបណ្តាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ នៅស្រុកបារាយណ៍។
បណ្តាបេក្ខភាពក្រុមប្រឹក្សាឃុំ ប្រកាសទទួលស្គាល់លទ្ធផលការបោះឆ្នោត និងបានប្តេជ្ញាចិត្តធ្វើការងាររួមគ្នាជាមួយបេក្ខភាពមកពីបណ្តាគណបក្សនានា ដើម្បីជម្រុញមូលដ្ឋានបន្តការអភិវឌ្ឍបន្ថែមទៀត។
បណ្តាបេក្ខភាពឈរឈ្មោះបោះឆ្នោត បានលើកឡើងថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ថ្ងៃទី៥ ខែមិថុនានេះ ដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅមានសន្តិសុខ សណ្តាប់ធ្នាប់ ពលរដ្ឋទៅបោះឆ្នោតគ្មានការបង្ខិតបង្ខំ ការរាប់សន្លឹកឆ្នោតធ្វើបានឡើងក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីគ្រប់តំណាងគណបក្សនយោបាយ និងបណ្តាអ្នកសង្កេតការណ៍មកពីបណ្តាគណបក្ស រហូតមានការចុះហត្ថលេខាព្រមព្រៀងទទួលស្គាល់លទ្ធផលការបោះឆ្នោតនោះថែមទៀតផង។
សម្រាប់បេក្ខភាពត្រៀមចូលកាន់ដំណែងជាប្រធានក្រុមប្រឹក្សាឃុំអាណត្តិថ្មី មកពីមកពីឃុំចើងដើង ឃុំបល្ល័ង្គ ក៏ដូចឃុំបារាយណ៍ជាដើម បានថ្លែងការប្តេជ្ញាចិត្តធ្វើការងារជាមួយបណ្តាសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សនានា ដើម្បីបង្កើនការផ្តល់សេវាល្អជូនបណ្តាប្រជាពលរដ្ឋអោយបានល្អប្រសើរ ជាពិសេសការខិតខំជម្រុញមូលដ្ឋានបន្តការអភិវឌ្ឍជាដើម។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ថោង ខុន នៅក្នុងជំនួបសំណេះសំណាលនេះ បានថ្លែងការកោតសរសើរប្រធានក្រុមប្រឹក្សាឃុំអាណត្តិចាស់ ដែលបានបំពេញការងារផ្តល់សេវាថ្នាក់មូលដ្ឋានជូនបណ្តាពលរដ្ឋបានល្អប្រសើរ រហូតធ្វើអោយពលរដ្ឋផ្តល់ការស្រឡាញ់ ទុកចិត្ត និងបន្តគាំទ្របោះឆ្នោតជូនមេឃុំក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម ក៏បានស្នើសុំក្រុមប្រឹក្សាឃុំអាណត្តិ បន្តប្រពៃណីល្អផ្តល់សេវាល្អជូនពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា