កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាថ្មីម្តងទៀត ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលនៅតែមានជំនឿជឿជាក់មកលើគោល នយោបាយ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
ដើម្បីឆ្លើយតបទៅនិងការសន្យារបស់ខ្លួន លោកឧកញ៉ា ក៏បានសម្រេចសាងសង់ផ្ទះចំនួន៨ខ្នងជូនអ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលជាអ្នកក្រីក្រ ព្រមជាមួយនឹងការសន្យាបន្តកសាងសមិទ្ធផលដទៃទៀតសម្រាប់អ្នកឃុំទងត្រឡាចទាំងមូល។
ការថ្លែងអំណរគុណឆ្លើយតបតាមរយៈ ផ្តល់ការសាងសង់ផ្ទះនិងបន្តកសាងសមិទ្ធផលសាធារណៈរបស់លោកឧកញ៉ា ឡូវ ហ៊ឹង ជូនអ្នកឃុំទងត្រឡាចខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពេលលោកឧកញ៉ា អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំទងត្រឡាចជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអាទិត្យទី១២ មិថុនានេះ។
លោកឧកញ៉ា បានបញ្ជាក់ថា លទ្ធផលដែលអ្នកឃុំទងត្រឡាច បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាចំនួនដ៏ខ្ពស់ស្ទើរ តែ១០០% ដែលបងប្អូនអ្នកទងត្រឡាចនៅតែស្មោះត្រង់ ស្រលាញ់ គាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។
ដោយជោគជ័យនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ២០២២ដែលកើតចេញពីទឹកចិត្តជំនឿជឿជាក់មកលើគណបក្សប្រជាជនជាបន្តទៀតនេះ លោកឧកញ៉ាក៏បានប្រកាសបន្តសាងសង់ផ្ទះជូនអ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលមានជីវភាពក្រីក្រចំនួន៨ខ្នងផ្ទះបន្ថែមទៀត ដែលមានតម្លៃប្រមាណជា៤ម៉ឺនដុល្លារ រួមជាមួយនឹងកិច្ចការចំពោះមុខជាច្រើនទៀតដែលអាជ្ញាធរឃុំទងត្រឡាចក្រោមការជួយគាំទ្រពីថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយមូលដ្ឋានបន្តអភិវឌ្ឍន៍ដើម្បីបំរើនូវសេចក្តីត្រូវការចំពោះមុខជូនពលរដ្ឋជាបន្ត។
ពលរដ្ឋឃុំទងត្រឡាចបាន បង្ហាញការរីករាយចំពោះជោគជ័យនៃគណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។
អភិបាលរងស្រុកស្រីសន្ធរ លោក ម៉ម ណាំ បានលើកឡើងដោយមោទនភាពថា ឃុំទងត្រឡាច ឥឡូវនេះ មានការកែប្រែខ្លាំងដោយសមិទ្ធផលទាំងឡាយ ដូចជា ផ្លូវ ប្រឡាយ បង្គោលភ្លើងបំភ្លឺផ្លូវជាដើម សុទ្ធ សឹងបានកើតឡើងដោយការជួយជ្រោមជ្រែងពីលោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាចដែលបានខិតខំ និងអូសទាញគៀគរ យកមកជួយដល់ប្រជាពលរដ្ឋនៅទីនេះដោយបានយកសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទីនេះដូចគ្រួសារតែមួយដោយបានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតឈានខ្ពស់លើសគេលើសឯង។
ជាមួយនឹងជោគជ័យនេះ លោកក៏បានបញ្ជាក់ថា ទោះជាបែបនេះក្តី អ្នកទងត្រឡាចនៅមានបញ្ហាប្រឈម២ចំពោះមុខដែលត្រូវបន្តដោះស្រាយទី១ គឺបញ្ហាប្រឡាយទឹកដែលនៅស្ទះក្នុងការដោះទឹកមិនទាន់សម្រាប់ផលដំណាំស្រូវនិងកសិកម្មដទៃទៀតដោយសារប្រឡាយមិនទាន់ធ្វើហើយជាស្ថាពរ និងទី២បន្តយកចិត្តទុកដាក់ទៅលើវិវាទបញ្ហាទំនាស់ដីធ្លី ខិតខំសម្របសម្រួលឱ្យបានសមស្របដែលពលរដ្ឋអាចទទួលយកបានទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ ពលរដ្ឋឃុំទងត្រឡាចក៏បានសំណូមពរដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបន្តធ្វើផ្លូវបេតុងចម្ងាយ ៤.៥០០ ម៉ែត្របន្ថែមទៀត ៕





