ភ្នំពេញ៖ ទុរេនបែកអន្លុង មានប្រភពមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានកសិករនាំយកមកប្រមូលផ្ដុំ នៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ដើម្បីស្វែងរកទីផ្សារបន្ថែម និងអាចជួយលុបបំបាត់ នូវការលួចបន្លំ ពីជនខិលខូចមួយចំនួន ។
ក្នុងពិធីចែករំលែកការពិនិត្យមើល និងភ្លក់រស់ជាតិទុរេនបែកអន្លុង លោក ជូ មករា ប្រធានសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ការប្រមូលផ្ដុំនេះ គឺជាការសាកល្បងរវាងកសិករដែលជាម្ចាស់ចម្ការ និងសហភាពរបស់លោក ដើម្បីរកវិធីសហការគ្នា ធ្វើឲ្យបានដឹងដល់អ្នកប្រើប្រាស់ ឬអតិថិជនដែលត្រូវចែកចាយបន្តឲ្យកាន់តែមានភាពងាយស្រួល មិនចាំបាច់ចុះទៅដល់ចម្ការផ្ទាល់ ។
លោកបន្តថា គោលបំណង នៃការប្រមូលផ្ដុំនេះ គឺចង់ប្រមូលកម្លាំងកសិករ និងអតិថិជនផ្នែកទីផ្សារមកជួបគ្នា ពិភាក្សាលើតម្លៃ និងសាកសួរពីបច្ចេកទេសមើលទុរេន ហើយបច្ចុប្បន្នមានម្ចាស់ចម្ការប្រហែល ១០ចម្ការ ចង់ប្រមូលផ្ដុំនៅថ្ងៃខាងមុខ ដែលមានផ្ទៃដីចម្ការទុរេន ប្រមាណពី ៣០ ទៅ៥០ហិកតា ។
កសិករជាម្ចាស់ចម្ការទុរេន នៅតំបន់បែកអន្លុង បានលើកឡើងថា ទុរេនបែកអន្លុង កំពុងមានភាពល្បីល្បាញផងដែរ ហើយឆ្នាំនេះអាចប្រមូលផលបាននៅដើមខែមិថុនា និងជាធម្មតាប្រមូលផលរួចរាល់នៅពាក់កណ្ដាលខែកក្កដា ហើយដែលមានការដាក់លក់ទុរេនបែកអន្លុង តាំងពីខែមិនា ឬខែមេសា មិនមែនមកពីប្រភពបែកអន្លុងនោះទេ ដោយទុរេនបែកអន្លុង មានរូបរាងខុសប្លែក ពីទុរេននាំមកពីទីកន្លែងផ្សេង ។
ពួកគាត់បន្ថែមថា ចំពោះការប្រមូលផ្ដុំនៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជានេះ ជាការល្អដែលនឹងអាចធ្វើឲ្យអ្នកបរិភោគប្រើប្រាស់ បានស្គាល់នូវរស់ជាតិពិតប្រាកដ របស់ទុរេនបែកអន្លុង ។
លោក ជូ មករា បានបញ្ជាក់ថា ការប្រមូលផ្ដុំទុរេននេះ មិនមែនសម្រាប់តែទុរេនបែកអន្លុងនោះទេ គឺគោលដៅចង់ប្រមូលទុរេនពីគ្រប់តំបន់ នៅក្នុងប្រទេស ដើម្បីជួយស្វែងរកទីផ្សារបន្ថែមដល់កសិករ និងមាននិរន្តរភាព ហើយគ្រោងនឹងប្រមូលផ្ដុំផ្លែឈើតាមរដូវកាលផ្សេងទៀត ខណៈបច្ចុប្បន្ន កំពុងប្រមូលផ្ដុំបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ (UV) ៕
អត្ថបទ បាន សុខរិទ្ធិ





