ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើងពឹងតែទៅលើក្រសួងសុខាភិបាល តែម្នាក់ឯង យើងមិនអាចទ្រទ្រង់សភាពការណ៍នេះបានឡើយ។
សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺជាវ៉ាក់សាំងមនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មានជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយស្មើភាព និងគ្មានការរើសអើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា យើងមានវ៉ាក់សាំងកូវីដ-១៩ ហើយ បើគ្មានសិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេចតេជោបន្តថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា គឺចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុលព័ត៌មានទាំងនោះ បាននាំគ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញ៕
