ស៊ីហ្គេម៖ កីឡាករ-កីឡាការិនីជយលាភីមេដាយមាស នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនណាហ្គាវើលដ៏ ហើយបានចាត់ទុការឧបត្ថម្ភនេះគឺជាផ្នែកមួយដ៏សំខាន់ដែលជំរុញឲ្យពួកគេកាន់តែខំប្រឹង ពិសេសដើម្បីការពារមេដាយមាសនាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
នេះបើតាមការបញ្ជាក់ក្រោយក្រុមហ៊ុនណាហ្គាវើលដ៏ បានរៀបចំផ្ដល់ប្រាក់រង្វាន់ដល់អត្តពលិកមេដាយមាសស៊ីហ្គេម ៩គ្រឿង គ្រូបង្វឹក និងប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សរុបទឹកប្រាក់ចំនួន ៨៨,០០០ដុល្លារកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយបេសកកម្មស៊ីហ្គេមកម្ពុជា និងលោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍។ ម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីង ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម, ម្ចាស់មេដាយមាសតេក្វាន់ដូ WT វ៉ា មិថុនា និងម្ចាស់មេដាយមាសប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា បានលើកឡើងស្រដៀងៗគ្នាថា ពួកគេពិតជារីករាយ ដែលមានវិស័យឯកបានចូលរួមលើកទឹកចិត្តដល់វិស័យកីឡាបែបនេះ ពិសេសកីឡាករទើបដណ្ដើមបានមេដាយមាសពីស៊ីហ្គេម។ តាមរយៈនេះ ពួកគេប្ដេជ្ញានឹងខិតខំប្រឹងបន្ថែមទៀតដើម្បីស្វែងរកមេដាយមាស និងដណ្ដើមកិត្តិយសជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗបន្ថែមទៀត។
បន្ថែមលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក្នុនអត្តពលិកកីឡាជាតិទាំងអស់ បានចាត់ទុកការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៏នេះ គឺជាគំរូមួយសម្រាប់វិស័យឯកជនដើម្បីរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសកីឡាករ-កីឡាការិនីផ្ទាល់ឲ្យមានការខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចជោគជ័យជូនជាតិ។ ឯកឧត្តមរំពឹងថា ណាហ្គាវើលដ៏នឹងបន្ដស្មារតីចូលរួមគាំទ្រវិស័យកីឡានេះជាយូរអង្វែងបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ឧត្ដមភាពកីឡាជាតិលើឆាកអន្ដរជាតិ។ សូមបញ្ជាក់ថា ការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយមាសស៊ីហ្គេមនេះ សម្រាប់ម្ចាស់មេដាយមាសលើវិញ្ញាសាឯកត្តជន ក្នុងម្ចាស់មេដាយមាស ១គ្រឿងទទួលបាន ៦ពាន់ដុល្លារ។ រីឯម្ចាស់មេដាយមាសលើវិញ្ញាសាជាក្រុមក្នុងមេដាយមាស ១គ្រឿង ឬ ១វិញ្ញាសាទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ ជាមួយគ្នានោះ គ្រូបង្វឹករបស់កីឡាករ-កីឡាការិនីជយលាភីមេដាយមាសស៊ីហ្គេមនីមួយៗ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១ពាន់ដុល្លារផងដែរ។
សម្រាប់ម្ចាស់មេដាយមាស ៩គ្រឿងដែលកម្ពុជាទទួលបានពីការប្រកួតស៊ីហ្គេមនៅវៀតណាម និងទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនណាហ្គាវើលដ៏រួមមាន៖ ១-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ ដោយកីឡាករ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា។ ២-កីឡាប៉េតង់ ឈ្នះមេដាយមាស ២លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ដោយកីឡាករ ស៊ីន វង់ និងកីឡារិនី វង ចន្ថា និងវិញ្ញាសានារី ៣នាក់ ទល់ ៣នាក់ ដោយកីឡាការិនី អ៊ិន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ដួង ឌីណា ។ ៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ដោយកីឡាករ ទូច រ៉ាឆាន ។ ៤-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ដោយកីឡាករ វ៉ា មិថុនា ។ ៥-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ដោយកីឡាករ ស៊ូ បាលី និងចុងក្រោយ គឺកីឡាវ៉ូវីណាម ដែលដណ្ដើមបានមេដាយមាសច្រើនជាងគេចំនួន ៣គ្រឿងលើវិញ្ញាសាសម្ដែងការពារខ្លួនស្រី ១ ប្រុស ៣ មានអាវុធ ដោយកីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, ប្រាក់ សុវណ្ណានី និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី, វិញ្ញាសាក្រុម ការពារខ្លួនកាបិតធំបុរស ២នាក់ ដោយកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ដ្រា និងវិញ្ញាសាប្រយុទ្ធបុរស ៦៥គីឡូក្រាម ដោយកីឡាករ អេ វីរៈខាំឈីត ភូថង៕
អត្ថបទ លី ឈុនឡា