ស្វីស៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចាប់ផ្តើមនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ។ នៅថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេល ៤ថ្ងៃ ក្រុមអ្នកតំណាងបានពិភាក្សាអំពីបញ្ហាប្រឈមនានានៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
អង្គការពាណិជ្ជកម្មពិភពលោកមានគោលបំណងជំរុញពាណិជ្ជកម្មអន្តរជាតិតាមរយៈប្រព័ន្ធ។ ប៉ុន្តែគោលការណ៍ជាមូលដ្ឋាននេះត្រូវបានរង្គោះរង្គើដោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រទេសមួយចំនួន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មិនអាចទទួលបានអាហារ និងថាមពលគ្រប់គ្រាន់ ស្របពេលមានការឡើងថ្លៃយ៉ាងខ្លាំងដោយសារតែមានការរំខានការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនលោក Hosoda Kenichi បានថ្កោលទោសការលុកលុយរបស់រុស្ស៊ីថា ជាការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយបង្ខំ និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ។ ក្រុមគណៈប្រតិភូមកពីប្រទេស និងតំបន់ប្រហែល 60 រួមទាំងប្រទេសជប៉ុនបានបើកកិច្ចប្រជុំដាច់ដោយឡែកមួយ ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន