ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និងកោះតាង។ អមដំណើរនាឱកាសនោះ មាននាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះ ឆ្នេរ រួមនឹងនាយទាហានមួយចំនួនទៀត។
ក្នុងដំណើរអញ្ជើញដល់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ពីមេបញ្ជាកាការ មេបញ្ជាការង ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹកឈរជើងតាមបណ្តាកោះជាច្រើនរូប។
បើតាមសេចក្តីរាយការណ៍ ពីមេបញ្ជាការនៃកោះនីមួយៗ បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើឲ្យកោះមានការរីកចម្រើនជាបន្តបន្ទាប់ មានទាំងអគ្គិសនី អគារធ្វើការ អគារស្នាក់នៅ មានប្រភពទឹកសាបប្រើប្រាស់គ្រប់រដូវ ដែលជាអំណោយផលដល់កងទ័ពនៅលើកោះ បានដាំដំណាំគ្រប់មុខ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃផងដែរ។
ថ្លែងសំណេះសំណាលនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ប្រកបដោយភាពអង់អាចក្លាហាន របស់មេបញ្ជាការ កងទ័ពការពារដែនកោះពូលូវ៉ៃ កោះតាង និងកោះផ្សេងៗទៀត ដែលជាគំរូវីរភាពគួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ ត្រូវបន្តលើកកម្ពស់បន្ថែមទៀតក្នុងភារកិច្ចការពារបូរណភាពទឹកដី ពិសេសការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារតីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់សង្គម។
នៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបន្តដំណើរមកដល់មូលដ្ឋានរាម ដោយនៅទីនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងកម្លាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនរៀនសូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីកម្មវិធីនយោបបាយ របស់រាជរដ្ឋាភិបាល ច្បាប់ សារាចរផ្សេងៗ ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នងការត្រៀមគ្រប់មធ្យោបាយក្នុងការចូលរួមជួយ សង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយនានា និងការថែរក្សាសុខភាពទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមវិធាន ៣កុំ ៣ការពារ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភផងដែរ ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានក្រើនរំលឹកឲ្យគ្រប់កងឯកភាព ត្រូវត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង៕ អត្ថបទ៖ បាន ចក់



