ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV News
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វាគឺជាវិបត្តិកើតឡើងនៅទូទាំងពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយនៅអាមេរិកក៏មានតម្លៃកើនខ្ពស់ជាងនៅប្រទេសកម្ពុជាផងដែរ និយាយជារួមតម្លៃប្រេងឥន្ធនៈនេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី ដែលបណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។
